លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងនៅមុននេះបន្តិចថា ក្រសួងសុខាភិបាល បានទទួលព័ត៏មានច្បាស់លាស់ហើយ ពីខាងជប៉ុនថា ពិតជាមានបុរសម្នាក់ជនជាតិជប៉ុនម្នាក់ បានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។

លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ទោះបីជាការឆ្លងរបស់បុរសជនជាតិជប៉ុនរូបនោះមិនមែនកើតចេញពីប្រទេសកម្ពុជាក៏ដោយ ក៏គាត់មានអាចមានការប៉ះពាល់ជាមួយអ្នកដទៃក្នុងកំឡុងពេលស្នាក់នៅកម្ពុជាពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។

លោកបានបន្ថែមទៀតថា " នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ"។
គួរបញ្ជាក់ផងដែរថា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម។ នេះបើតាមលិខិតរបស់លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។
បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០និង៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕