លោក ឃឹម ហ្វីណង់ ជម្រុញអោយមានអនាម័យផ្ទាល់ខ្លួនអោយបានខ្ពស់បំផុត ដើម្បីទប់ស្កាត់និងបង្ការការរីករាលដាលនៃជំងឺ Covid 19...
-

លោកឃឹម ហ្វីណង់ បានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយពីការវិធានការទប់ស្កាត់ និង ការពារពីជំងឺកូវីដ១៩ ដែលកំពុងរាលត្បាតពេញពិភពលោកនោះ ។​ លោកឃឹម ហ្វីណង់​ បានសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្អូនសិស្សានុសិស្ស ឲ្យដឹងពីរបៀបនៃការ សំអាតដៃ ឲ្យបានស្អាតល្អ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ការត្រៀមលក្ខណៈសម្បត្តិទូលំទូលាយទុកជាមុននៅក្នុងស្រុកបន្ទាយស្រី ដើម្បីទប់ស្កាត់និងបង្ការការរីករាលដាលនៃជំងឺ Covid 19 តាមរយៈការពង្រឹងសមត្ថភាពផ្សព្វផ្សាយព័ត៌មានអោយបានដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ការអប់រំអ្នកដែលត្រូវអប់រំបន្ត និងការកំណត់ពីវិធានការបឋមមួយចំនួន។

ដើម្បីរុញច្រានពត៌មានអោយបានលឿននិងមានប្រសិទ្ធភាពបំផុតទៅកាន់សិស្សានុសិស្សទាំងជាងមួយមុឺននាក់នៅក្នុងស្រុកបន្ទាយស្រី រដ្ឋបាលស្រុកគ្មានជម្រើសអ្វីប្រសើរជាងការប្រើប្រាស់យន្តការគ្រូបង្រៀនទាំងអស់នៅក្នុងស្រុកនោះទេ។ ដូច្នេះហើយ ទើបខ្ញុំបានរៀបចំអោយមានកិច្ចប្រជុំជាពិសេសជាមួយលោកគ្រូអ្នកគ្រូជិត៤០០នាក់ មកពីគ្រប់សាលារៀនទាំងអស់នៅទូទាំងស្រុកបន្ទាយស្រី ដើម្បីសុំកិច្ចសហការ ជួយចូលរួមផ្សព្វផ្សាយ អប់រំបន្ត និងគ្រប់គ្រងសិស្សានុសិស្សទាំងអស់ អោយបានយល់ដឹងត្រឹមត្រូវពីជំងឺនេះ ស្វែងយល់ពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួនដែលមានប្រសិទ្ធភាព ក៏ដូចជាការជម្រុញអោយមានអនាម័យផ្ទាល់ខ្លួនអោយបានខ្ពស់បំផុតក្នុងកាលៈទេសៈនេះ។

កិច្ចប្រជុំនេះផ្តោតយកចិត្តទុកដាក់ទៅលើ៖

- ការបំផុសការយល់ដឹងត្រូវ ប្រុងប្រៀបត្រូវ មិនប្រហែសពេក មិនស្លន់ស្លោរពេក ក្នុងចំណោមសិស្សានុសិស្ស

- ការរៀបចំនិងធានាអោយមានកន្លែងលាងដៃសម្រាប់សិស្សនៅគ្រប់សាលារៀនទាំងអស់

- ការជម្រុញអោយមានទម្លាប់លាងដៃជាប្រចាំនិងញឹកញាប់

- វិធានការត្រួតពិនិត្យសុខភាព គ្រប់គ្រង និងផ្តល់ព័ត៌មាននៅក្នុងសាលារៀន

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកក៏បានកោះប្រជុំបន្ទាន់គណៈបញ្ជាការឯកភាពស្រុក ដើម្បីផ្សព្វផ្សាយ អប់រំ និងចាត់វិធានការស្រដៀងគ្នានេះ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិឃុំនីមួយៗផងដែរ។ គណៈបញ្ជាការឯកភាពស្រុក ក៏បានពិភាក្សានិងប្រុងប្រៀបរៀបចំផែនការត្រៀមទុក ក្នុងនាមជាស្រុកដែលមានភ្ញៀវទេសចរឆ្លងកាត់ច្រើន ដើម្បីបម្រុងដោះស្រាយបញ្ហាជាយថាហេតុណាមួយ កើតចេញពីការរីករាលដាលនៃជំងឺនេះផងដែរ។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan