ក្រសួងសុខាភិបាលកម្ពុជា សម្រេចដាក់បម្រាមហាមមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស សម្រេចដាក់បម្រាមហាមមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវ ការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ បន្ថែមលើប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលចេញប្រកាសថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០រួចមហើយ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមប្រកាសដល់សាធារណជន ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងជនបរទេស ទាំងអស់ ចូលរួមអនុវត្តសេចក្តីប្រកាសនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០០និង០០នាទី ជាកំហិត។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ