នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់គ្នា ឲ្យបានជ្រាបថា មានបុរសជនជាតិបារាំង អាយុ៣៥ម្នាក់ វិជ្ជមានវីរុសកូវីដ ១៩៖
គាត់ មានប្រពន្ធ និងកូនប្រុសអាយុ៤ខែ (សរុបមានគ្នា៣នាក់) ហោះហើរចេញពីទីក្រុងប៉ារីសនៃប្រទេសបារាំងទៅដល់សាំងហ្គាពួរនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ ដោយបុរសខាងលើនេះ មានអាការៈក្តៅខ្លួន អាជ្ញាធរសាំងហ្គាពួរ បានធ្វើតេស្តសំណាកវត្ថុវិភាគរបស់គាត់នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នោះ ក្នុងពេលរងចាំលទ្ធផល គ្រូពេទ្យសាំងហ្គាពួរ បានជម្រាបគាត់ថាមិនឲ្យធ្វើដំណើរទៅណាទៀតទេ រងចាំរហូតដល់មានលទ្ធផលសិន។ តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ រូបគាត់ក៏ត្រូវបានគេជម្រាបថា គាត់អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូននៅតាមក្រោយបាន (តាមការបញ្ជាក់របស់សាមីខ្លួន)។

បុរសខាងលើ ដែលមិនទាន់បានលទ្ធផលតេស្តនៅសាំងហ្គាពួររូបនោះ ក៏បានហោះហើរចេញមកទីក្រុងភ្នំពេញ តាមជើងហោះហើរសាំងហ្គាពួរ MI 602 នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មកដល់អាកាសដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៨និង៣០នាទី ព្រឹក។ ពេលធ្វើដំណើរគាត់បានប្រាប់ថា គាត់បានពាក់ម៉ាស់ ហើយអត់មានកំដៅខ្លួនទេនៅពេលនោះ ហើយក៏បានមកដល់ផ្ទះ ប្រហែលជាម៉ោង១០ព្រឹកនៃថ្ងៃដដែល។

ក្រោយពីចេញលទ្ធផលតេស្តរបស់គាត់ វិជ្ជមានវីរុសកូវីដ១៩ ពីសាំងហ្គាពួរ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៏មានពីករណីនេះ ហើយក្រសួងក៏បានស្រាវជ្រាវភ្លាមៗ រកឃើញបុរសរូបនេះ នៅវេលាម៉ោង២០និង០០នាទី យប់នៃថ្ងៃដដែល។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានយកសំណាកវត្ថុវិភាគរបស់គាត់ ប្រពន្ធ និងកូនគាត់ នៅវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃដដែល។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ភរិយានិងកូនប្រុស ជនជាតិបារាំង រូបនោះ ត្រូវដាក់នៅបន្តតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ នៅផ្ទះរបស់ប្អូនគាត់ នៅម្តុំសង្កាត់ទួលទំពួង រាជធានីភ្នំពេញ ក្នុងពេលរងចាំលទ្ធផលងវិភាគសំណាក់របស់ពួកគាត់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ រីឯភរិយា និងកូនរបស់គាត់ តម្រូវឲ្យមានការរងចាំលទ្ធផល បន្តទៀតសិន។ បច្ចុប្បន្ននេះបុរសជនជាតិបារាំងរូបនោះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រួចហើយ។
