បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដស៊េរីទំនើប បុករថយន្ដដឹកត្រីពីក្រោយ បណ្ដាលខ្ទេចមួយចំណាត់មុខ
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដស៊េរីទំនើបទៅបុករថយន្ដដឹកត្រីដែលកំពុងតែធ្វើដំណើរចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយចំណាត់មុខទាំងស្រុង ចំណែកឯម្ចាស់បង្កវិញបានចុះពីលើករថយន្ដឡើងលើកង់បីទៅបាត់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតនៅលើស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ដស៊េរីទំនើបពណ៌ទឹកក្រូចម៉ាកHLLUX ពាក់ស្លាកលេខភ្នំពេញ2AG-4040 ដែលបានធ្វើដំណើរឡើងលើស្ពានមុនីវង្ស ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុក៏បានទៅបុកនិងរថយន្ដដឹកត្រីដែលកំពុងតែធ្វើដំណើរចំពីក្រោយពេញទំហឹងបណ្ដាលឲ្យទៅរងការខូចខាតមួយចំណាត់មុខនិងបន្តទៅបុកទ្រូងផ្លូវស្ពានទៀត ចំណែករថយន្ដដឹកត្រីវិញដោយឃើញរថយន្ដខ្លួនគ្មានការខូចខាតក៏បានបើកទៅមុខបន្ដបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ចំណុចកើតហេតុបានទាក់ទងទៅខាងចរាចរណ៍ជំនាញធ្វើការវាស់វែងយករថយន្ដដែលបង្កទៅរក្សាទុករងចាំម្ចាស់រថយន្ដបង្កមកដោះស្រាយតាមផ្លូវច្បាប់ដោយបានធ្វើឲ្យខូចខាតដល់សម្បត្តិរដ្ឋ៕