សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូបើកទ្វារឡើងវិញហើយ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩។ ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។

បើយោងតាមការបញ្ជាក់លើគេហទំព័រ ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕