ឃើញក្មេងតូចអង្គុយចុចទូរស័ព្ទ ចុះពីម៉ូតូរត់ទៅឆក់ ពីដៃក្មេងបានសម្រេច តែត្រូវឪពុកក្មេងប្រុសចាប់ទាញ ទំលាក់ពីលើម៉ូតូ លាន់ដូចដូងទុំជ្រុះម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ ក្មេងប្រុសម្នាក់ កំពុងតែអង្គុយចុចទូរស័ព្ទលេង ស្រាប់តែជនសង្ស័យម្នាក់បានចុះមកឆក់ទូរស័ព្ទពីដៃក្មេងប្រុសបានសម្រេច តែត្រូវឪពុកក្មេងប្រុសចាប់ទាញទំលាក់ពីលើម៉ូតូធ្លាក់ម្នាក់ ចំណែកឯម្នាក់ទៀតរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះម៉ា ស្ សាយីហោ (777ម៉ាស្សាកោសជប់) នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះថា សយ ភារម្យ ហៅរុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះ មានឈ្មោះថា កាសេន រដ្ឋា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៤។

បើយោងតាមឪពុកជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ដោយជិះម៉ូតូម៉ាកនិក ពណ៍ស មិនចាំស្លាកលេខ បានមកសួរនាំរកស្ត្រីម៉ាស្សា រូបគាត់ប្រាប់ថា ជាប់រវល់អស់ហើយ ពេលនោះជនសង្ស័យបានក្រឡេកឃើញកូនប្រុសគាត់កំពុងតែអង្គុយចុចទូរស័ព្ទ នៅក្នុងផ្ទះ ក៏លោតចុះមកឆក់ទូរស័ព្ទបានសម្រេច ហើយរត់ទៅជិះម៉ូតូ កូនប្រុស គាត់ក៏ស្រែកថាចោរៗ រូបគាត់ក៏ស្ទុះចេញមកចាប់ទាញជនសង្ស័យឱ្យធ្លាក់ពីលើម៉ូតូ ចំណែកឯម្នាក់ទៀត បើកម៉ូតូរត់គេចបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕