លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ប្រកាសថា កីឡាការិនី កែ ឡេង ជាបេតិកភណ្ឌ និងជានិមិត្តរូបអមតៈរបស់កីឡានេះ
ស៊ីហៀង
-

ភ្នំពេញ៖  លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក បានចាត់ទុកវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ គឺជាបេតិកភណ្ឌក្នុងវិស័យកីឡាមួយនេះ ហើយក៏ជានិមិត្តរូបអមតៈរបស់កីឡាប៉េតង់ពិភពលោកផងដែរ ។

លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក បានមានប្រសាសន៍នៅក្នុងវិដេអូឃ្លីបមួយ ដោយលោកមានប្រសាសន៍ថា "ពាក្យនោះគឺ បេតិកភណ្ឌ ដែលវច្ចុនានុក្រមទាំងអស់ផ្ដល់និយមន័យស្របគ្ន នូវអត្ថន័យ៣សម្រាប់ពាក្យ "បេតិកភណ្ឌ" ទី១-វាអាចជាអាគារដ៏ស្រស់ស្អាតមួយ ដូចប្រាសាទអង្គរវត្តនៅកម្ពុជា ទី២-វាអាចជាស្នាដៃដ៏អស្ចារ្យមួយ ដូចជារបាំព្រះរាជទ្រព្យរបស់កម្ពុជា ឬល្ខោនស្បែកធំជាដើម ហើយទី៣-វាក៏អាចសំដៅដល់បុគ្គលដែលគួរឲ្យស្ញប់ស្ញែងផងដែរ។

លោកបានបន្តទៀតថា "ដូច្នេះ ខ្ញុំអាចនិយាយបានថា ខណៈនេះកែ ឡេង លោកស្រីជាបេតិកភណ្ឌក្នុងវិស័យប៊ូល និងប៉េតង់ មានបុគ្គលដែលគួរឲ្យស្ងប់ស្ងែងនៅលើពិភពលោក ដូចជា Michael Jordan សម្រាប់កីឡាបាល់បោះ Car Lewis សម្រាប់អត្តពលកម្ម Michael Phelps សម្រាប់កីឡាហែលទឹក ហើយសម្រាប់ស្រ្តីមានដូចជា លោកស្រី La Tsarine មកពីប្រទេសរុស្ស៊ី Isinbaeva។ ពេលនេះ កែ ឡេង លោកស្រីក៏កំពុងឈរនៅក្នុងកម្រិតពិភពលោកដូចបុគ្គលទាំងនោះដែរ។ 

ខ្ញុំនឹងមិននិយាយពីពានរង្វាន់របស់លោកស្រីទេ វាច្រើនពេកហើយ មានអ្នកនិយាយពីវាក្នុងកម្មវិធីនានាសម្រាប់លោកស្រីហើយ។ ដូចនេះខ្ញុំមិនចាំបាច់ក្នុងការរៀបរាប់ពាក់ព័ន្ធនឹងពានរង្វាន់នោះឡើយ។ 

អ្វីដែលខ្ញុំចង់និយាយគឺថា ខ្ញុំបានជួបលោកស្រីជាលើកដំបូង នៅក្នុងការប្រកួតជើងឯកពិភពលោក នៅ Montauban ប្រទេសបារាំង ក្នុងឆ្នាំ២០១៣ ។ យើងបានរៀបចំការប្រកួតជើងឯកពិភពលោកនោះ ព្រោះយើងមិនអាចរៀបចំនៅទុយណេស៊ី បានដោយសារចលនាបះបោនៅពិភពអារ៉ាប់ ស្ថានភាពនោះមិនល្អសម្រាប់កីឡាការិនីទេ ដូច្នេះ យើងបានប្តូរការប្រកួតនោះទៅរៀបចំនៅប្រទេសបារាំងវិញ។ ហើយបន្ទាប់ពីការឈ្នះជើងឯកដំបូងរបស់អ្នក ណុង សួរខ្ញុំថា "លោកអត់ស្គាល់ កែ ឡេង ទេ? គាត់ពិតជាពូកែអស្ចារ្យណាស់​ គាត់ឈ្នះការប្រកួតទាំងអស់នៅអាស៊ី"។ ហើយខ្ញុំបានប្រាប់គាត់វិញថា "បើអញ្ចឹងហេតុអ្វីគាត់មិនមកចូលរួមការប្រកួរជើងឯករបស់យើង?" ។ ហេតុផលគឺថាដោយសារសហព័ន្ធកីឡាប៊ូលនិងប៉េតង់ កម្ពុជាត្រូវចំណាយច្រើនពេក ក្រោយមក ក្នុងនាមជាម្ចាស់ជើងឯកវាកាន់តែងាយស្រួលសម្រាប់លោកស្រី មកចូលរួមប្រកួត លោកស្រីឈ្នះនៅឆ្នាំ២០១៣ ២០១៥ ២០១៧ និង២០១៩​ ពេលនេះ យើងអានិយាយបានថា ការប្រកួតជើងឯកពិភពលោកបានផ្តល់វេទិកា ឲ្យលោកស្រីបង្ហាញសមត្ថភាពបោះប៉េតង់ដ៏អស្ចារ្យរបស់លោកស្រី ។ 

លោកស្រីពូកែជាងលោក  Philippe Quintais ដែលជាកីឡាករឆ្នើមរបស់បារាំងទៀត។ គាត់ក៏ឈ្នះពានរង្វាន់ជើងឯកចំនួនបួនដងដែរ  ប៉ុន្តែគាត់ឈ្នះជារៀងរាល់ឆ្នាំ  ដូច្នេះគាត់ជាជើងឯកពិភពលោក ក្នុងរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ ។ លោកស្រីវិញ លោកស្រីនឹងនៅបន្តឈរលើតំណែងម្ចាស់ជើងឯកពិភពលោកសម្រាប់ស្រ្តីរយៈពេល៩ឆ្នាំ រហូតដល់ការប្រកួតឆ្នាំក្រោយនៅប្រទេសថៃ ។

លោកស្រីជាស្រ្តីអស្ចារ្យ លោកស្រីជាកីឡាការិនីដ៏ឆ្នើ​ម ហើយជំនាញរបស់លោកស្រី គឺអស្ចារ្យខ្លាំងណាស់ ដោយសារលោកស្រីមានទេពកោសល្យពីកំណើតជាមួយនឹងការខិតខំហ្វឹកហាត់យ៉ាងខ្លាំងរបស់លោកស្រី ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឥរិយាបទរបស់លោកស្រី ។ លោកស្រីមានសមត្ថភាពប្រមូលអារម្មណ៍ដ៏អស្ចារ្យ ។ លោកស្រីមានភាពស្ងប់ស្ងាត់ល្អ។ លោកស្រីមិនដែលរអ៊ូរទាំ ហើយក៏មិនដែលមានទឹកមុខភិតភ័យនៅពេលប្រកួត ដែរ។ វាពិតជាអស្ចារ្យមែនទែន ។ ពេលនេះលោកស្រីបានសម្រេចចិត្តឈប់ចូលរួមការប្រកួត ខ្ញុំសោកស្តាយ អ្នករាល់គ្នាក៏សោកស្តាយដែរ ។ តែខ្ញុំសង្ឃឹមថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងរាជរដ្ឋាភិបាលនឹងផ្តល់ឪកាសដល់លោកស្រី ក្នុងការជួយកីឡាករ កីឡាការិនី ជំនាន់ក្រោយឲ្យមានសមត្ថភាពខ្ពស់ ក្នុងវិស័យកីឡាប៊ូល និងប៉េតង់នៅក្នុងប្រទេសកម្ពុជា។

ឥឡូវខ្ញុំចង់និយាយទៅកាន់លោកស្រីដោយផ្ទាល់ ប្រហែលជាខ្ញុំអាចព្យាយាមនិយាយជាភាសាខ្មែរ ។ ខ្ញុំចង់និយាយជាភាសាខ្មែរថា ឥឡូវនេះលោកស្រីជាបុគ្គលអមតៈ អមតៈសម្រាប់កីឡាប៉េតង់ពិភពលោក។ លោកស្រីបានបង្កើតការទទួលស្គាល់ក្នុងយុគសម័យនេះសម្រាប់កីឡាករ កីឡាការិនីប៉េតង់ទាំងអស់ ។ ដូច្នេះកុំសើច ពេលខ្ញុំព្យាយាមនិយាយ ពាក្យខ្លះពីរឿងនេះជាភាសាខ្មែរ ។ "ម៉ាដាម កែ ឡេង បាទ ម៉ាដាម អ្នកបានក្លាយជានិមិត្តរូបអមតៈនៃកីឡាប៉េតង់ អ្នកបានសម្គាល់យុគសម័យរបស់អ្នក អ្នកសមនឹងទទួលបានសេចក្តីស្រឡាញ់របស់យើង កែ ឡេង ។ សូមអរគុណ! ជំរាបលា ជួបគ្នាក្នុងពេលឆាប់ៗ!៕

មានវិដេអូ៖