នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ទៀត លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) រួមមាន៖

-បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

-បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ

-បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប

-ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) បានវិល ត្រឡប់មកពីប្រទេសម៉ាលីមកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ខាងលើនេះ៕