ក្មេងប្រុស ស្រី អាយុ ១៥ ១៦ឆ្នាំ​ ធ្លាប់ធ្វើសកម្មភាពឆក់កាបូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាប់
-

ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ផែន តុង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (អ្នកឆក់), ទី២៖ឈ្មោះ សុខ ចំរើន អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ (អ្នកឌុប), ទី៣៖ឈ្មោះ ហេង យីហុង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ (អ្នកបិទគូថ) និងទី៤៖ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១E០ ផ្លូវលេខ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ កាលពីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង០០នាទី បានធ្វើកម្មភាព ឆក់កាបូបស្ពាយ នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញបង្កពីជនជនរងគ្រោះឈ្មោះ SUZUKI YUKIKO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសណ្ឋាគារ EMOIN ផ្លូវលេខ១៩២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមានៈ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ (ម៉ូតូធ្វើសកម្មភាព)។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ ករណីដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕