ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៏មានស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមជម្រាបសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមចំណាយយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០ លើលិខិតលេខ១៣៩សខល ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០ ក្នុងការផ្អាកជាបណ្តោះងាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរយៈចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ។

ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ មានការកើតឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូនេស៊ី លើអ្នកដំណើរសរុបចំនួន២៣,៥៦៧នាក់។ ម្យ៉ាងវិញទៀត ចាប់ពីខែសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ១៩។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់និងកុំឲ្យមានរលកទីពីរនៃការចម្លងវីរុសចម្លងវីរុសកូវីដ១៩៕


