នៅថ្ងៃស្អែកនេះ តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានសាលាឧទ្ធរណ៍កោះហៅ ​ឲ្យចូលសវនាការជំនុំជំរះជាថ្មី
-

ភ្នំពេញ៖ ថ្ងៃដែលអតីតតារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ដែលបានទន្ទឹងរង់ចាំយុត្តិធម៌ អស់រយៈពេលជាង៤ឆ្នាំមកហើយនោះ នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ត្រូវបានព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍កោះហៅ ដើម្បីចូលទៅក្នុងសវនាការជុំនំជំរះសារជាថ្មី បន្ទាប់ពីសំណុំរឿងនេះ ត្រូវបានបង្វិលពីតុលាការកំពូល មកឲ្យសាលាឧទ្ធរណ៍ ដើម្បីធ្វើការស៊ើបអង្កេត និង​ជំនុំជំរះសារជាថ្មី។

លោក អ៊ឹម សុផាន ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានបង្គាប់អញ្ជើញឈ្មោះ​ សុខ ចិន្តា (តារាចម្រៀង វ៉ាន់ នីឡា) ភេទស្រី​ អាយុ២៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ B១ ផ្លូវប៉េតុង ភូមិបឹងឈូក សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចូលរួមសវនាការជំនុំជំរះ លើជនជាប់ចោទឈ្មោះ គុយ សិទ្ធិសក្ដិ ភេទប្រុស អាយុ២៧ឆ្នាំ ពីបទហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។