កុំភ្លេចថែរក្សាសុខភាព និងដាក់អាវភ្លៀងតាមម៉ូតូផង! ក្រសួងធនធានទឹក និងឧតុនិយមចាប់ថ្ងៃទី០៥ដល់០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ២០២០។​ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ ។

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។

២៖ បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។ ដោយឡែកនៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង។

ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន៕