ពិតអស្ចារ្យណាស់! កូនខ្មែរម្នាក់ ដែលរួម​ចំណែក​ ក្នុងការផលិត​យាន​ បង្ហោះទៅ​កាន់​ភព​អង្គារ​របស់​ NASA​ ​​កាលពីប៉ុន្មានថ្ងៃមុននេះ
ស៊ីហៀង
-

អាមេរិក៖ អ្នកស្រី  Ny Sou Okon គឺជាកូនខ្មែរមួយរូប ដែលបានផ្លាស់ទីលំនៅទៅរស់នៅសហរដ្ឋអាមេរិក ជាមួយនិងក្រុមគ្រួសារ នៅឆ្នាំ១៩៨៤ ហើយបានបន្តការរៀនសូត្រ រហូតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ University of California, Los Angeles ជាមួយនឹងបរិញ្ញាបត្រវិស្វកម្មមេកានិច។ នៅក្នុងឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្ដើមអាជីពការងាររបស់គាត់ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា។

អ្នកស្រី និងស្វាមី បានចំណាយពេលរាប់ឆ្នាំ ក្នុងចូលរួមបង្កើតយាន "Perseverance" ដែលទើបតែបង្ហោះកាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ថ្មីៗនេះ។ អ្នកស្រី Okon និងក្រុមគ្រួសាររបស់គាត់បានក្រោកតាំងព្រឹកព្រលឹម ដើម្បីរង់ចាំមើលព្រឹត្តិការណ៍ ដ៏ពិសេសនេះនៅតាមបណ្តាញសង្គមយូធូប។ ដោយសារតែជំងឺកូវី ១៩ កំពុងតែរាតត្បាតពេញសហរដ្ឋអាមេរិក ទើបអ្នកស្រីមិនអាចចូលរួមព្រឹត្តិការណ៍ មួយនេះបានដោយផ្ទាល់។

រំលឹកពីជីវប្រវត្តិរបស់អ្នកស្រី បានប្រាប់ថា កាលពីជិត៥០ឆ្នាំមុន ឪពុកម្ដាយរបស់អ្នកស្រីបានភៀសខ្លួន ដោយកាលនោះអ្នកស្រីនៅជាទារកនៅក្នុងផ្ទៃនៅឡើយទេ បានភៀសខ្លួនពីប្រទេសកំណើតទាំងយប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដោយសារតែរបបខ្មែរក្រហមបានចូលមកគ្រប់គ្រងប្រទេសកម្ពុជា។ ក្នុងដំណើរភៀសខ្លួននោះក្រុមគ្រួសាររបស់អ្នកស្រី បានចាកចេញពីខេត្តព្រៃវែង ដោយជិះកង់ទៅកាន់ព្រំដែន ដើម្បីការពារខ្លួន។ បន្ទាប់ពីរបបនេះដួលរលំ ឪពុកម្ដាយរបស់អ្នកស្រីបានវិលចូលមកប្រទេសកំណើតវិញ ហើយអ្នកស្រី Ny Sou Okon បានចាប់កំណើត។ បន្ទាប់មកទៀត ក្រុមគ្រួសាររបស់អ្នកស្រីបានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាសាជាថ្មី​ដោយសារតែបញ្ហានៅក្នុងប្រទេស ហើយបានធ្វើដំណើរទៅជំរុំភៀសខ្លួនក្នុងប្រទេសថៃ។ ពួកគាត់បានដាក់ពាក្យសុំទៅប្រទេសចំនួន៣ គឺជប៉ុន បារាំង និងអាមេរិក។ ចុងក្រោយ ក្រុមគ្រួសាររបស់អ្នកស្រីបានទៅដល់សហរដ្ឋអាមេរិក នៅឆ្នាំ១៩៨៤ ពួកគាត់បានធ្វើការផ្លាស់ទីកន្លែងរស់នៅទៅរដ្ឋ Texas ហើយក្រោយមកទៀតក៏បានទៅរស់នៅ Long Beach។ នៅទីនោះអ្នកស្រី ក៏បានបន្តការសិក្សាផ្នែកវិស្វកម្មមេកានិច នៅក្នុងឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្ដើមអាជីពការងាររបស់គាត់ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា។

ការបង្កើតយានសម្រាប់ធ្វើដំណើរលើភពអង្គារពិតជាផ្ដល់មោទកភាព មិនថារូបអ្នកស្រីផ្ទាល់ និងថែមទាំងប្រជាជនកម្ពុជាទាំងមូលផងដែរ។ យាន Perseverance ត្រូវបានគេរំពឹងថា នឹងចុះចតនៅតំបន់រណ្ដៅ Jezero Crater លើភពអង្គារ នៅខែកុម្ភៈ ឆ្នាំ២០២១៕

ប្រភពៈ presstelegram

ប្រែសម្រួលដោយ៖ តុ តុ