ក្រសួងសុខាភិបាល៖ រកឃើញករណីសង្ស័យ ជំងឺគ្រុនឈីកលើប្រជាពលរដ្ឋ សរុបចំនួនជាង២ពាន់ នាក់ ចំនួន១៥ខេត្ត
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្ដីពី ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់ អំពីស្ថានភាពជំងឺគ្រុនឈីកចាប់តាំងពីមានផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យកាលពីពាក់កណ្តាលខែកក្តដា ឆ្នាំ២០២០ និងវិធានការការពារជំងឺនេះ ដែលមានដូចខាងក្រោមនេះ៖

១. ស្ថានភាពជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈា មថ្នាក់ជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មានការរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈា មពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។

នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈា ម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម គឺចំនួន ៦៦.៧% មាននៅក្នុងសំបកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្ល ជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣.៣% មាននៅក្នុងពាងមូល ពាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ។

២. វិធានការការពារជំងឺគ្រុនឈីក

ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លា ញីខាំ និងជំងឺផ្សេងទៀតដែលអាចកើតមានឡើងដោយសារមូសខាំ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវបង្កើនការចូលរួមចលនា លុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើតសត្វមូស ដោយត្រូវប្រកាន់ខ្ជាប់នូវ៖

- ទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ

- អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ

- ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់

- ត្រូវដាក់អាបែតក្នុងពាង ឬ អាង ឬវត្ថុស្តុកទឹក ជាដើម

- បើមានអាការៈមិនស្រួល ដូចជាក្ដៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមាន បញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក។

ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគី ពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ អនុវត្តតាមវិធានការណែនាំខាងលើ និងសូមប្រសិទ្ធពរជ័យ ជូនដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ឱ្យទទួលបាននូវ សុខភាពល្អទាំងអស់គ្នា ចៀសផុតពីការចម្លងជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងទៀតដែលបង្កឡើងដោយសារមូសខាំ៕