លោកស្រី ទ្រី ដាណា និងស្វាមីបានធ្វើសច្ចាប្រណិធាន ផឹកទឹកសម្បថ បញ្ជាក់ពីភាពស្មោះត្រង់ នៅមុខព្រះសង្ឃ បារមីគ្រប់ទិសទី និងគ្រប់ជាន់ថ្នាក់ ថា...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ ដែលជាស្វាមី រួមទាំងតំណាងចែកចាយ ប្រេន NNP NUNA  បានរៀបចំកម្មវិធីសច្ចាប្រណិធាន ដ៏ធំមួយ ក្នុងគោលបំណង ដើម្បីស្បថស្បែ បញ្ជាក់ពីភាពសច្ចៈ និងភាពស្មោះត្រង់ជូនតំណាងចែកចាយទូទាំង២៥ ខេត្ត-ក្រុង ។

ជាក់ស្តែងលោកស្រី ទ្រី ដាណា បានញ្ជាក់យ៉ាងច្បាស់លើបណ្តាញសង្គមរបស់លោកស្រីទៀតថា "ថ្ងៃនេះ នាងខ្ញុំ និងស្វាមីបានធ្វើសច្ចាប្រណិធាន ផឹកទឹកសម្បថ បញ្ជាក់ពីភាពស្មោះត្រង់ នៅមុខព្រះសង្ឃ បារមីគ្រប់ទិសទី និងគ្រប់ជាន់ថ្នាក់ នាងខ្ញុំមិនដែលបោកប្រាស់ មិនចេះសម្ដែង មុខមហាជន មិនកិបកេងតំណាង មិនដែលបង្រៀនពួកគាត់ ឱ្យប្រាសចាកពីភាពត្រឹមត្រូវឡើយ។

បើគ្រប់យ៉ាងដែលនាងខ្ញុំធ្វើ ជារឿងសម្ដែង បើនាងខ្ញុំបានកិបកេងតំណាង រកស៊ីមិនត្រឹមត្រូវ សុំឱ្យរលាយទ្រព្យទាំងអស់ដែលខ្ញុំរកបានទាំងលំបាក សុំឱ្យជីវិតខ្ញុំរលត់ភ្លាមៗ ជិះឡានក្រឡាប់ឡាន ធ្វើដំណើរជួបគ្រោះទាន់ហត់ វិនាសមរណា អន្តរាយភ្លាមៗ។ ខ្ញុំសូមធ្វើសម្បថចំពោះបារមី ​ អារុក្ខ​អារក្ស លោក​តា​ក្រហមក ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម អ្នក​តា​ឃ្លាំង​មឿង អ្នក​តា​ដំបង​ដែក អ្នក​តា​ដំបង​គ្រញូង លោក​យាយ​ទេព ព្រះ​អង្គ​វិហារ ព្រះ​អង្គ​វត្ត​​គោក​ស្លែង។

នៅថ្ងៃនេះ ខ្ញុំសុំបន់ស្រន់ដល់ទេវតា បារមីគ្រប់ទិសទី មកជួយ​ធ្វើ​ជា​អធិបតី​សាក្សីចំពោះ​ពិធី​សម្បថ​នេះ ហើយថែរក្សាអ្នកតំណាងនៃប្រេនទាំង៣ NNP NUNA CTM ឱ្យរីកចម្រើនតកូនចៅ។ សូម​អស់​លោក​អារុក្ខ​អារក្ស ​អ្នក​តា​ និង​​បារមី​ដ៏​ស័ក្តិ​សិទ្ធិ​ទាំង​អស់ ជួយដឹងលឺ បើមានអ្នកបំពាន យាយី បង្ខូចឈ្មោះរូបនាងខ្ញុំ និងអ្នកតំណាងចែកចាយ នៃក្រុមហ៊ុន ដាណា ទ្រី សូមឱ្យសាបដូចជាទឹកទន្លេ រីងហួតដូចជាវាលខ្សាច់ បរាជ័យគ្រប់ភារកិច្ច និងការរកស៊ី ទោះបីកំពុងរីកចម្រើនយ៉ាងណាក៏ដោយ ។

នាងខ្ញុំ ទ្រី ដាណា និយាយពិត ធ្វើពិត ធ្វើដោយភាពត្រឹមត្រូវ មិនបោកប្រាស់ មិនសម្ដែងឡើយ"៕