ថ្វីត្បិតតែមានវីដេអូជាច្រើននៅតាមបណ្ដាញសង្គមអ៊ីនធើណេតនានា ជាពិសេសបណ្ដាញវីដេអូ យូធូប បានបង្ហាញអំពីមនុស្សម្នាជាច្រើនអាចស៊ូទ្រាំនឹងការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៃកម្រិតហឹររបស់មីក៏ដោយ ដោយឡែកមានបុរសនៅទីក្រុងឡុងម្នាក់ក៏បានព្យាយាមធ្វើត្រាប់បរិភោគមីហឹរតាមមនុស្សទាំងនោះផងដែរ ក្នុងការបង្ហាញនៅក្នុងបណ្ដាញឆាណែលយូធូបរបស់គាត់។
បុរស អង់គ្លេសឈ្មោះ រ៉ាមេល ដែលបានបរិភោគមីហឹរកូរ៉េនៅក្នុងក្រុងឡុងដ៍ម្នាក់នោះបានបន្តផ្សព្វផ្សាយតាមបណ្តាញសង្គមនិងចែករំលែកការចំពោះការភ្ញាក់ផ្អើលដែលគាត់បានទទួលទាននូវមីហឹរនោះ ដោយនិយាយថាត្រចៀកម្ខាងរបស់គាត់ប្រែទៅជាថ្លង់ អស់រយៈពេលពីរថ្ងៃបន្ទាប់ពីបានបរិភោគមីកញ្ចប់គ្រឿងទេសសាមមីកូរ៉េ ដែលជាប្រភេទមីដែលមានកម្រិតហឹរខ្លាំង។
គាត់បាននិយាយថានៅពេលបរិភោគវារួច គាត់មានអារម្មណ៍ថាដូចជា "មានកម្ដៅភ្លើងដ៏ក្ដៅបានមកដុតធ្វើឱ្យក្រពះរបស់គាត់ចុក នឹងមានអារម្មណ៍ថាពិបាកយ៉ាងខ្លាំង នៅមិនសុខខ្លួនឡើយ " គាត់បាននិយាយថាគាត់ត្រូវបានគេល្បួងឱ្យសាកល្បងបរិភោគមីហឹរនោះ បន្ទាប់ពីបានទស្សនានូវការប្រកួតប្រជែងនៃបរិភោគមីហឹររបស់លោក Matt Stonie ដែលបានបរិភោគមីហឹរអស់ចំនួន ១៥ កញ្ចប់នៅលើប៉ុស្តិ៍ឆាណែលយូធូបរបស់បុរសម្នាក់នោះ។
បើទោះបីមានការឈឺចាប់ក្ដៅក្រហល់ក្រហាយខ្លាំងនៅពេលបរិភោគយ៉ាងណាក៏ដោយ ក៏រ៉ាមេល មិនបានបញ្ចប់ការបរិភោគរបស់គាត់នោះទេ គាត់បានបន្ថែមថានៅពេលដែលគាត់បរិភោគមីហឹរនោះវាបានធ្វើឱ្យរាងកាយរបស់គាត់ស្ពឹកស្រពន់នៅផ្នែកខាងក្នុងនៃរាងការនិងផ្ទៃមុខរបស់គាត់មានអារម្មណ៍ក្តៅ ប៉ុន្តែមីហឹរនោះក៏មានរសជាតិឆ្ងាញ់ផងដែរ។
នៅថ្ងៃបន្ទាប់គាត់បានកត់សំគាល់ការឈឺចាប់យ៉ាងខ្លាំងនៅត្រចៀកខាងឆ្វេងរបស់គាត់រាល់ពេលដែលគាត់ប៉ះវាហើយកាន់តែអាក្រក់ទៅៗ រហូតដល់គាត់មានអារម្មណ៍ថាថ្លង់ស្ដាប់មិនឮ។
ក្រោយមកគាត់បានរកឃើញថាអ្នកថតវីដេអូ Vlogger ម្នាក់ទៀតនៅឥណ្ឌូនេស៊ីប្រឈមនឹងបញ្ហានេះដូចគ្នា។ ទាំងការឈឺចាប់និងថ្លង់នឹងបានធូរស្បើយក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីបរិភោគវារួច។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB