លោក ជាវ តាយ អភិបាលខេត្តកំពត ថាមិនមានលទ្ធភាពដោះស្រាយជូនពលរដ្ឋក្រៅពីសំរួលទេ ប្រជាពលរដ្ឋអស់ការអត់ធ្មត់ដាក់ពាក្យបណ្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ និងស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តាគមន៍រក្សាអាងទឹកនៅដដែល និងចាត់វិធានការលើមន្ត្រីពាក់ព័ន្ធធ្វើអោយពួកគាត់បាត់បង់ដី
សីហា
-

ភ្នំពេញ ៖ ក្រោយស្នើសុំអន្តរាគមន៍ពីលោក ជាវ តាយ អភិបាលខេត្តកំពតមិនទទួលបានយុត្តិធម៌ ប្រជាពលរដ្ឋចំនួន៧គ្រួសារសំរេចដាក់ពាក្យបណ្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយរឿងភាពមិនប្រក្រតីរបស់មន្រ្តីមិនបម្រើរាស្រ្តមួយចំនួន ដែលគេសង្ស័យថាបានទទួលសំណូកដ៏ច្រើនក្រាស់ក្រែល ជាថ្នូរនឹងការបើកភ្លើងខៀវអោយក្រុមហ៊ុនបំពេញផ្លូវច្បាប់រំលោភយកដីរបស់ពួកគាត់ ។

និងការមិនរវីរវល់ជាមួយពលរដ្ឋក្នុងការប្តឹងតវ៉ា ជាពិសេសមើលរំលងសកម្មភាពល្មើសរបស់ក្រុមហ៊ុនសេង សម្បត្តិ ក្នុងការចាក់ដីលុបអាងទឹកដងទង់ដែលសល់តាំងពីសម័យលោក ហៃ សូនអភិបាលស្រុកទី១នៃស្រុកដងទង់មកម្លេះ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៧គ្រួសារដែលបានប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗ ។

ក្នុងពាក្យបណ្ដឹងរៀបរាប់បន្តថា លោក ប៉ិល កុសល អភិបាលរងខេត្តកំពត លោក វ៉ិត វឌ្ឃនា នាយករដ្ឋបាលសាលាខេត្តកំពត ក្នុងនាមលោកជាប្រធាន និងអនុប្រធានដែលទទួលលិខិតបង្គាប់ការរបស់លោក ជាវ តាយ អភិបាលខេត្តក្នុងការស៊ើបអង្កេតលើការស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងចុះបញ្ជីក្បាលដីលេខ ៨២៥ ទំហំសរុប ១២៩,០៧១ម៉ែត្រក្រឡា នៅភូមិសុភី ឃុំស្រែជាខាងជើងស្រុកដងទង់ ខេត្តកំពត និង មន្ត្រីមួយចំនួនទៀត ដែលគប់គិតគ្នា ជាមួយក្រុមហ៊ុនលោក សេង សម្បត្តិ ចាន់ ស្រីឡែន និង សុខ ហ្គិច បង្កអោយពួកគាត់បាត់បង់ដីកេរ្តិ៍រងទុក្ខគ្រប់បែបយ៉ាង។

ប្រជាពលរដ្ឋដែលចូលរួមដាក់បណ្តឹងនោះរួមមាន ១ អ្នកស្រី ឈឹម ណាន ២ លោក លន ហ៊ង ៣ លោក ឈឹម សុខឿន ៤ អ្នកស្រី ញ៉យ ផល្លី ៥ លោក ប៉ែន ថាន ៦ អ្នកស្រី កែ មួយ និង ៧ លោក មាស ជីនដោយពួកគាត់ទាំងអស់គ្នាសុទ្ធតែមានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត ដែលបានកាន់កាប់អាស្រ័យផលលើដីដែលក្រុមហ៊ុនលោក សេង សម្បត្តិ អ្នកស្រី សុខ ហ្គិច និង អ្នកស្រី ចាន់ ស្រីឡែនចាក់ដីលុបដោយឥតច្បាប់ រំលោភយកអំឡុងខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។

ទាក់ទងករណីចោទប្រកាន់នេះ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២១ នេះ អង្គភាពព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក សេង សម្បត្តិ ប្រធាន ក្រុមហ៊ុន សេង សម្បត្តិនិងលោកអភិបាលស្រុក សុីវ ផេង បានឡើយ ព្រោះទូរស័ព្ឌមិនចូល និងមិនមានលេខទំនាក់ទំនង ។រីឯលោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត ជាប់រវល់ប្រជុំ។

លោក ប៉ិល កុសល អភិបាលរងខេត្តកំពតដែលរងនូវបណ្ដឹងពីប្រជាពលរដ្ឋបានថ្លែងប្រាប់ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមអោយដឹងថា ការងារហ្នឹងឯកឧត្តម អភិបាលកំពុងធ្វើការហើយប៉ុន្មាននាក់ដែលដាក់បណ្ដឹងមកនេះ គឺដោះស្រាយអស់ហើយ នៅសល់តែពីរបីគ្រួសារប៉ុណ្ណឹង គឺគាត់យកឯកសារចាស់ គាត់ចេះតែយកដើរដាក់បណ្ដឹងអោយមានគ្នាតែប៉ុណ្ណោះ ហើយល្ងាចនេះអភិបាលខេត្តនឹងប្រជុំពាក់ព័ន្ធការងារនឹងទៀត។

ដូច្នេះ រឿងពិត និងលទ្ធផលពាក់ព័ន្ធនឹងបណ្ដឹងក៏ដូចជាដំណោះស្រាយយ៉ាងណានោះ សូមសាធារណជនបន្តតាមដានលទ្ធផលកិច្ចប្រជុំរបស់សាលាខេត្តកំពត នៅល្ងាចនេះ ជាបន្តទៀត។

ប៉ុន្តែគេថា រឿងរ៉ាវខាងលើនេះ បើដូចអ្វីដែលប្រជាពលរដ្ឋរៀបរាប់មែននោះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតស្វែងរកការពិត តើប្រជាពលរដ្ឋខុស

ឬក៏មន្ត្រីជាអ្នកខូចក្រោមល្បិចកន្ទេលធំបន្លំធ្វើដេក ទុកពលរដ្ឋនៅខាងក្រោយទុកប្រយោជន៍ខ្លួននិងបក្សពួកនៅខាងមុខ ៕