ភ្នំពេញ៖ ដោយពិនិត្យឃើញថា ការប្រើប្រាស់ទឹកនៅក្នុងរដូវប្រាំងមានកង្វះខ្វះខាត ក្នុងឆ្នាំ២០២២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការអំពាវនាវ ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញនិងនៅក្នុងទីក្រុងតាខ្មៅ មេត្ដាជួយសន្សំសំចៃទឹកនៅក្នុងការប្រើប្រាស់ ពីព្រោះតែការផ្គត់ផ្គង់ទឹកស្អាតកំពុងតែជួបប្រទះនឹងការខ្វះខាតជាខ្លាំង។
នៅក្នុងនោះដែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមថា ដោយសារតម្រូវការមួយថ្ងៃនាពេលបច្ចុប្បន្នមានរហូតដល់ទៅ ៨សែនគីមក្នុងមួយថ្ងៃ ប៉ុន្ដែរោងចក្រផលិតទឹកចំនួន ៤ ទីតាំងធ្វើការផ្គត់ផ្គង់បានជាមធ្យមត្រឹមតែ ៦សែនគីបតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលបណ្ដាលមកពីតម្រូវការប្រើប្រាស់ទឹកស្អាតលើសការផលិត ជាពិសេសកំណើននៃសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ។
ជាងនេះផងដែររដ្ឋាករទឹកក្រុងភ្នំពេញក៏បានបញ្ជាក់ផងដែរថាកំពុងតែសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងនៅនៅបាក់ខែង ដែលអាចមានសមត្ថភាពផលិតទឹកស្អាតបាន ៤សែនគីបក្នុងមួយថ្ងៃផងដែរ ដោយសង្ឃឹមថាវិបត្ដិនៃការកង្វះទឹកស្អាតប្រើប្រាស់នៅត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣នាពេលខាងមុខនេះ៕
អត្ថបទ៖ qi an
ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ