ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បើយោងតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានមានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ ការលើកទិសដៅក្នុងឆ្នាំ ២០២២និងឆ្នាំ ២០២៣ និងអភិបាលកិច្ចល្អ បានឲ្យដឹងថា ប្រសិនបើបើកភ្លើងនៅក្នុងការបំភ្លឺពហុកីឡាដ្ឋានមរតកតេជោទាំងមូល គ្រប់ទីតាំងកីឡាទាំងអស់នោះនឹងត្រូវចំណាយថវិការប្រមាណ១ម៉ឺនដុល្លា ក្នុងរយះពេល១ម៉ោង ដែលត្រូវប្រើអគ្គីសនីអស់រហូតដល់ ៥ម៉ឺនគីឡូវ៉ាត់។


រដ្ឋមន្ដ្រីក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ការចំណាយមួយនេះពិតជាច្រើនខ្លាំងមែនទែន ដោយធ្វើការស្នើសុំពីរាជរដ្ឋាភិបាលផងដែរ ចំពោះបញ្ហាមួយនេះ ជាពិសេសគឺសុំបន្ថែមរបបអាហារជូនអត្ដពលិកជាតិ ដោយផ្ដល់ក្នុងមួយនាក់ត្រូវចំណាយថវិកា ៦ម៉ឺនរៀល សម្រាប់ធ្វើការបង្កើនកាឡូរីពី ៥០០០ ទៅ ៦០០០កាឡូរីជនកីឡាករ។


គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានមរតកតេជោគឺជាពហុកីឡាដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ និងជាពហុកីឡាដ្ឋានលំដាប់ទី ៣នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងករណីមានបញ្ហានានាកើតឡើង ពហុកីឡាដ្ឋានមួយនេះអាចមានសមត្ថភាពរំដោះអ្នកទស្សនាទាំងមូល ក្នុងរយះពេលត្រឹមតែ ៧នាទីតែប៉ុណ្ណោះ។ ការសាងសង់ពហុកីឡាដ្ឋានមួយនេះផងដែរ គឺស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម អាស៊ានផារ៉ាហ្គេម ឆ្នាំ ២០២៣។





អត្ថបទ៖ qi an
ប្រភព៖ គណកម្មការកីឡាជាតិអូឡាំពិច