ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើរឲ្យ មាស សុខសោភា ឆាប់លុបបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ » ពីបណ្តាញសង្គម ជាបន្ទាន់ដោយសារតែ
Sophea
-

យោងតាមការបង្ហោះរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអោយដឹងថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថារហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះ​បាទ​ជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាង​ពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។

ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត​និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវ​ជ្រាវ​ឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។