ដោយលើកឡើងពីការបិទច្រកព្រំដែនថ្មីដោយប្រទេសលីទុយអានី និងលទ្ធភាពនៃការបិទច្រកព្រំដែនបន្ថែមទៀត ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទទី២១ខែសីហា ដោយជំរុញឲ្យពលរដ្ឋអាមេរិកនៅបេឡារុស ត្រូវតែចាកចេញពីប្រទេសនេះជាបន្ទាន់។
ក្រសួងប្រកាសថា “កាលពីថ្ងៃទី ៨ ខែសីហា រដ្ឋាភិបាលលីទុយអានី បានបិទច្រកព្រំដែនចំនួនពីរជាមួយបេឡារុសនៅ Tverecius / Vidzy និង Sumskas / Losha។ លើសពីនេះ រដ្ឋាភិបាលប៉ូឡូញ លីទុយអានី និងឡាតវី បានឲ្យដឹងថា ការបិទច្រកព្រំដែនបន្ថែមទៀតជាមួយបេឡារុស ក៏នឹងអាចធ្វើឡើងផងដែរ។ ដូចនេះ ពលរដ្ឋអាមេរិកនៅបេឡារុស គួរតែចាកចេញជាបន្ទាន់។
តាមសេចក្តីប្រកាសព័ត៌មាន ជនជាតិអាមេរិកត្រូវបានជំរុញឲ្យធ្វើដំណើរតាមផ្លូវគោក ដោយប្រើច្រកព្រំដែននៅសល់ជាមួយប្រទេសលីទុយអានីនិងឡាតវី ពីព្រោះប៉ូឡូញបានបិទព្រំដែន។ ព្រំដែនអ៊ុយក្រែន-បេឡារុស ក៏ត្រូវបានបិទដូចគ្នា។
ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចភាគច្រើន បានផ្អាកជើងហោះហើរទៅកាន់ទីក្រុង Minsk ព្រមទាំងបិទដែនអាកាសរបស់ពួកគេចំពោះជើងហោះហើររបស់បេឡារុស និងរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោន បានជំរុញពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសបេឡារុស អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយដំបូងគឺព្រោះតែជំងឺរាតត្បាតកូវីដ១៩, បន្ទាប់មកគឺភាពចលាចលឆ្នាំ២០២០ ក្រោយការបោះឆ្នោតប្រធានាធិបតី និងចុងក្រោយគឺចាប់តាំងពីទីក្រុង Minsk បង្ហាញការគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ប្រឆាំងទីក្រុងកៀវ ដែលចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២២។
យោងតាមក្រសួងការបរទេស ប្រទេសបេឡារុសក៏មានគ្រោះថ្នាក់ផងដែរ ដោយសារតែការអនុវត្តច្បាប់ក្នុងស្រុក សក្តានុពលនៃភាពចលាចលស៊ីវិល និងហានិភ័យនៃការចាប់ឃុំខ្លួន៕