រុស្ស៊ីបានចេញមកបដិសេដ ចំពោះការចោទប្រកាន់ថាខ្លួនសម្លាប់មេទាហានស៊ីឈ្នួល Wagner
Sokli
-

រុស្ស៊ី៖ វិមានក្រេមឡាំងនាថ្ងៃទី២៥ ខែសីហាបានច្រានចោលការលើកឡើងរបស់លោកខាងលិចដែលថាមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលរុស្ស៊ី។ វិមានក្រេមឡាំងចាត់ទុកការលើកឡើងនេះជាការកុហកទាំងស្រុង ហើយមិនក៏មិនបញ្ជាក់លម្អិតអំពីការស្លាប់របស់លោក Prigozhin ដោយរង់ចាំលទ្ធផលស៊ើបអង្កេតសិន។

គួររលឹកថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែសីហា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ របស់លោក Prigozhin បន្ទាប់ពីយន្តហោះរបស់មេដឹកនាំទាហានស៊ីឈ្នួលរូបនេបានធ្លាក់នៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកនៅរស់រានមានជីវិតនោះឡើយ។

ខណៈដែលលោក Prigozhin ត្រូវសន្មត់ថាស្លាប់ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីកំពុងស៊ើបអង្កេតលើហេតុការណ៍ដែលបានកើតឡើង ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ភ្លាមៗពីអាកាសនៅភាគពាយព្យទីក្រុងមូស្គូឡើយ។ អត្តសញ្ញាណសាកសពទាំង១០នាក់ដែលបានរកឃើញពីបំណែកយន្តហោះនោះក៏មិនត្រូវបានបញ្ចេញដែរ។

អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov បាននិយាយថា ការចោទប្រកាន់នេះ គឺខុសទាំងស្រុង។ «ឥឡូវនេះមានការរំពឹងទុកជាច្រើនជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មរបស់អ្នកដំណើរក្នុងយន្តហោះរួមទាំងលោក Yevgeny Prigozhin ផងដែរ។» លោក Peskov លើកឡើងបែបនេះដោយចង់សំដៅថា អ្វីដែលបណ្ដាប្រទេសលោកខាងលិចមើលឃើញ និងលើកឡើងទាំងអស់នេះជាការកុហកទាំងស្រុង។ លោក Peskov សង្កត់ធ្ងន់ពីសារសំខាន់ក្នុងការរង់ចាំលទ្ធផលនៃការធ្វើតេស្តផ្សេងៗក៏ដូចជាលទ្ធផលនៃការស៊ើបអង្កេតផងដែរ៕