អាមេរិក៖ លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែក្រោយ ដើម្បីជួបជាមួយមន្ត្រីកំពូលៗ ពិភាក្សាអំពីបញ្ហានានា រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធនៅក្នុងតំបន់ ចំពេលប្រទេសចិន បង្កើនឥទ្ធិពលខ្លាំងឡើងៗ។
ការប្រកាសពីសេតវិមានបានលើកឡើងថា លោក បៃដិន នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្ត គឺលោក Nguyen Phu Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតក្នុងទីក្រុងហាណូយនៅថ្ងៃទី១០ ខែកញ្ញា មុនពេលវិលទៅរដ្ឋ អាឡាស្កាវិញ ដើម្បីរំលឹកខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោន មានបំណងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយចាត់ទុកវៀតណាមថាជាដៃគូដ៏សំខាន់នៅក្នុងតំបន់ ខណៈដែលទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងប៉េកាំង កាន់តែតានតឹង។
ស្របពេលដែល រដ្ឋបាលលោក បៃដិន បានស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ហើយលោក បៃដិន នឹងទៅដល់ប្រទេសវៀតណាម ក្រោយចាកចេញពីឥណ្ឌា ជាកន្លែងដែលលោកគ្រោងនឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា និងចូលរួមកិច្ចប្រជុំកំពូល G20 ។
យ៉ាងណាក្តី លោក បៃដិន នឹងមិនចូលរួមកិច្ចប្រជុំអាស៊ាននៅដើមខែក្រោយទេ ដោយបញ្ជូនអនុប្រធានាធិបតីលោកស្រី Kamala Harris ឲ្យមកចូលរួមជំនួសវិញ៕