នៅក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ មានសមាសភាពរដ្ឋលេខាធិការចំនួនជាង៤០រូប ហើយអនុរដ្ឋលេខាធិការប្រមាណជាង៦០រូប។ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ប្រមាណជាង១០០រូបនេះ មានអតីតអភិបាលចំនួន៧នាក់ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួងមហាផ្ទៃ។
១. លោក ប៉ាវ ហមផាន
លោក ប៉ាវ ហមផាន ជាអតីតអភិបាលខេត្តរតនគិរី ដែលបានឡើងកាន់តំណែងនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤។ ក្រោយបញ្ចប់តំណែងជាអភិបាលខេត្ត លោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ នៅឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ដែលជាអាណត្តិថ្មីនៃរាជរដ្ឋាភិបាល លោកក៏នៅបន្តតំណែងជារដ្ឋលេខាធិការនេះ។ ជារដ្ឋលេខាធិការ សម្រាប់អាណត្តិទី៧នេះ លោក ប៉ាវ ហមផាន ត្រូវទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
២. លោក អ៊ុង សាមី
លោក អ៊ុង សាមី គឺជាអតីតអភិបាលខេត្តព្រៃវែង ដែលបានបញ្ចប់មុខតំណែង តាំងពីឆ្នាំ២០១២។ ក្រោយការបញ្ចប់តំណែងជាអភិបាលនេះ លោក អ៊ុង សាមី ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការ។ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះ លោក អ៊ុង សាមី នៅតែបន្តតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារអន្តរក្រសួងកាត់ឆ្វៀលដីពីតំបន់ការពារ។
៣. លោក អ៊ុត សំអន
អតីតអភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៧នេះ ដែលទទួលបន្ទុកលើចង្កោមការងារជាមួយលោក អ៊ុង សាមី។ មុនឡើងជារដ្ឋលេខាធិការ លោក អ៊ុត សំអន មានតំណែងជាអនុរដ្ឋលេខាធិការ គឺក្រោយពេលដែលលោកត្រូវបានបញ្ចប់តំណែងពីអភិបាលខេត្តកំពង់ធំ កាលពីចុងឆ្នាំ២០១៦។
៤. លោក អ៊ំ ម៉ារ៉ា
លោក អ៊ំ ម៉ារ៉ា ជាអតីតអភិបាលខេត្តព្រះវិហារ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ហើយក្រោយមក លោកមកកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈនៅពាក់កណ្ដាលឆ្នាំ២០២២ លោក បានត្រូវដំឡើងជារដ្ឋលេខាធិការ រហូតមកដល់អាណត្តិថ្មីនេះ។ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ំ ម៉ារ៉ា ទទួលភារកិច្ចលើកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ។
៥. លោក ផាន់ ចាន់ធុល
លោក ផាន់ ចាន់ធុល ជាអតីតអភិបាលរងខេត្តព្រៃវែង ក្រោយមកលោក បានផ្ទេរជាអភិបាលរងខេត្តប៉ៃលិន ក្នុងឆ្នាំ ២០១៤ ហើយនៅឆ្នាំ២០១៨ លោក ក៏ឡើងជាអភិបាលខេត្តប៉ៃលិន។ លុះនៅចុងឆ្នាំ២០២០ លោក ត្រូវបានបញ្ចប់តំណែងពីអភិបាលខេត្តប៉ៃលិន ហើយមកកាន់ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ ពាក់កណ្ដាលឆ្នាំ២០២២ លោក ផាន់ ចាន់ធុល ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រហូតដល់អាណត្តិថ្មីនេះ ដែលលោកទទួលភារកិច្ចក្នុងចង្កោមការងារដូចលោក អ៊ំ ម៉ារ៉ា ដែរ ពោលគឺកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ។
៦. លោក ជាវ តាយ
លោក ជាវ តាយ ធ្លាប់ធ្វើជាអភិបាលរងខេត្តកណ្តាល ហើយនៅឆ្នាំ២០១៨ លោក ត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ខណៈកាលពីឆ្នាំ២០២១ លោក ជាវ តាយ ត្រូវបានផ្ទេរទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានបញ្ហាសុខភាព លោក ជាវ តាយ ក៏ត្រូវបានសម្រួលភារកិច្ចមកកាន់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ នៅក្នុងអាណត្តិទី៧នេះ លោក ជាវ តាយ នៅតែបន្តកាន់តំណែងរដ្ឋលេខាធិការនេះដដែល។
៧. លោក ម៉ុម សារឿន
ជាអតីតអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សាវឿន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៧នេះ។ មែនទែនទៅ លោក ម៉ុម សាវឿន ក្លាយជាអនុរដ្ឋលេខាធិការនេះ កាលពីឆ្នាំ២០២១ គឺក្រោយលោក បញ្ចប់អាណត្តិជាអភិបាលខេត្តស្ទឹងត្រែង ដែលលោកបានឡើងកាន់តំណែងអភិបាលខេត្តនេះ តាំងពីចុងឆ្នាំ២០១៦៕