ភ្នំពេញ៖ មន្រ្តីក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មបានចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងសាងសង់ព្រលានយន្តហោះថ្មីតេជោក្រុងតាខ្មៅ ដែលកំពុងដំណើរការសាងសង់សម្រេចបានជាង ៥០ ភាគរយមកដល់ពេលនេះ។
សូមបញ្ជាក់ថា ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ដែលគ្រោងបញ្ចប់ដំណាក់កាលទី ១ នៅឆ្នាំ ២០២៤ នឹងក្លាយជាព្រលានយន្តហោះកម្រិត 4F ដែលមានលទ្ធភាពឲ្យយន្តហោះខ្នាតធំៗឆ្លងទ្វីបអាចចុះចតបាន។
តាមរយះលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានតេជោតាខ្មៅបានអះអាងថា គម្រោងសាងសង់ទាំងមូលសម្រេចបានជាង ៥១%។
អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ សាងសង់នៅលើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះ នឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មីមានភាពធំទូលាយអាចកម្រិតយន្តហោះធំៗចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដំណើរការសាងសង់ដោយចាយទុនវិនិយោគជិត ២ ពាន់លានដុល្លារ។ ដំណាក់កាលទី ១ គ្រោងបញ្ចប់នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។
ទាក់ទងគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោក្រុងតាខ្មៅ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ របស់រដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃ ៣០ មីនា ២០២៣ ថា ក្នុងគម្រោងក៏នឹងមានការសាងសង់ផ្លូវតភ្ជាប់ទៅព្រលានយន្តហោះថ្មីនេះដែរ។
តាមប្រភពពីអភិបាលរងខេត្ត និងក៏ជាអ្នកនាំពាក្យសាលាខេត្តកណ្តាលផងនោះបានបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះមានទទឹង ៦០ ម៉ែត្រនិងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន កាត់ផ្លូវជាតិលេខ ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតែម្តងដែលបច្ចុប្បន្នសម្រេចបានជាង ៣៥ ភាគរយ៕