ប្រទេសលីប៊ី៖ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្សជាង ៥០០០នាក់ ត្រូវបានគេសន្មតថាស្លាប់ និងជាង១០០០០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសលីប៊ី បណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនីចំនួនពីរ បង្កជាគ្រោះទឹកជំនន់ធំធេង។
ប្រភពពី លោកស្រី Tamer Ramadan ប្រធានគណៈប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសលីប៊ី បានបញ្ជាក់ពីតួលេខជនរងគ្រោះ ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីថ្ងៃអង្គារទី១២ខែកញ្ញា។

ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ LANA បានរាយការណ៍ថា មនុស្សយ៉ាងតិច៥៣០០នាក់ ត្រូវបានគេគិតថាបាត់បង់ជីវិត ថ្វីបើតួលេខនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។
តាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋបាលភាគខាងកើតប្រទេសលីប៊ីលោក Othman Abduljalil, នៅទីក្រុង Derna ភាគខាងកើត ដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត មនុស្សរហូតដល់ទៅ៦០០០នាក់នៅតែបាត់ខ្លួន ខណៈស្ថានភាពគឺមហន្តរាយជាទីបំផុត។


ជាមួយគ្នានេះ មានប្រទេសនិងក្រុមសិទ្ធិមនុស្សជាច្រើន បានផ្តល់ជំនួយ ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក និងកម្ទេចកម្ទី។
គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) និយាយថា ប្រទេសលីប៊ី ត្រូវប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីគ្រោះមហន្តរាយនេះ។


សូមរលឹកថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរលើកមុនដែលវាយប្រហារប្រទេសលីប៊ី គឺកាលពីឆ្នាំ២០១៩ នៅពេលមនុស្សចំនួន៤នាក់ ត្រូវបាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវរងផលប៉ះពាល់៕