រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវកុំឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកម្មករឡើងដល់២០៤ដុល្លារ
Sokli
-

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមាបានអំពាវនាវកុំឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកម្មករកើនដល់២០៤ដុល្លារដើម្បីចូលរួមលើកស្ទួយដល់ជីវភាពបងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរ។

សូមជម្រាបថា ការអំពាវនាវនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែ កញ្ញា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាដែលបានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ដល់២០៤ដុល្លារក្នុងមួយខែដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ ខណៈបច្ចុប្បន្នទទួលបាន២០០ដុល្លារក្នុង១ខែ។

លោករដ្ឋមន្ត្រីបានបន្តថា «ចំណុចនេះទាំងរាជរដ្ឋាភិបាលអាណត្តិទី៦ ក៏ដូចជាអាណត្តិទី៧ នឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើមិចទប់ស្កាត់ការដំឡើងថ្លៃផ្ទះជួលនេះដើម្បីធានាថា ប្រាក់ឈ្នួលដែលកើននេះ គឺនៅសល់សម្រាប់បងប្អូនកុំឱ្យបងប្អូនយកទៅចំណាយលើកិច្ចការងារដូចជាផ្ទះជួលនេះច្រើនពេក»។

លោករដ្ឋមន្ត្រីសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមរក្សាតម្លៃដដែលព្រោះថា នៅចំពោះមុខនេះវាជាដំណាក់កាលដែលយើងត្រូវជួយទាំងអស់គ្នាហើយប្រសិនបើម្ចាស់ផ្ទះជួលដំឡើងថ្លៃហួសហេតុពេកអាជ្ញាធរក៏មិនអនុញ្ញាតដែរមានតែចូលរួមអនុវត្តដោយស្មារតីស្ម័គ្រចិត្ត និងយោគយល់ទាំងអស់គ្នាតែម្តងចំណេញទាំងអស់គ្នា។

រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ រហូតដល់២០៤ដុល្លារ ខណៈបច្ចុប្បន្នកម្មករទទួលបានប្រាក់ឈ្នួលចំនួន២០០ដុល្លារប៉ុណ្ណោះក្នុង១ខែ។ ប្រាក់ឈ្នួល២០៤ដុល្លារនេះ ក្នុងនោះ២០២ដុល្លារសម្រេចដោយការបោះឆ្នោតត្រីភាគីរួមមាន ភាគីនិយោជកឋ ភាគីសហជីព និងភាគីរាជរដ្ឋាភិបាល។ ចំណែក២ដុល្លារទៀតជាការបន្ថែមពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ បើបូកនឹងអត្ថបប្រយោជន៍ផ្សេងៗទៀតជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ដុល្លារ ដល់២៣២ដុល្លារក្នុងមួយខែ៕