ទីក្រុងហូជីមិញ ៖ បន្ទាប់ពីជនជាតិវៀតណាម្នាក់ ដែលថតវីដេអូឃ្លីបខ្លីនៅប្រាសាទអង្គរ(កម្ពុជា) អមដោយព្រះឆាយលក្ខណ៍ស្ដេចថៃ និងភ្លេងថៃ ហើយបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យមាន មតិរិះគន់យ៉ាងច្រើន កន្លងមកនោះ រហូតមកដល់រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មន្ត្រីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ សហការជាមួយប៉ូលិសនៅនាយកដ្ឋានសន្តិសុខអ៊ីនធឺណិត បង្ការ និងប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នៃទីក្រុងហូជីមិញ បានកោះហៅម្ចាស់គណនី TikTok ជាជនជាតិវៀតណាមម្នាក់ ឈ្មោះ Hua Quoc Anh មកសាកសួរ និងស្រាយបំភ្លឺ ទាក់ទងនឹងឃ្លីបប្រាសាទអង្គរវត្ត(កម្ពុជា) ដែលបានបង្ហោះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ។
យោងតាមប្រភពពីសារព័ត៌មានវៀតណាម បានចុះផ្សាយថា ក្រោយពីធ្វើការសួរនាំរួច មន្ត្រីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានចេញសេចក្តីសម្រេច ពិន័យលោក Hua Quoc Anh ចំនួន៧,៥លានដុង (ប្រមាណ$៣០០) ពីបទបង្កើតព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយយោងតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៅពេលប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម តាមអនុក្រឹត្យលេខ១៥/២០២០ របស់រដ្ឋាភិបាលប្រទេសវៀតណាម ។
អាជ្ញាធរវៀតណាម ក៏បានអប់រំ ណែនាំលោក Hua Quoc Anh ត្រូវសិក្សាឲ្យបានហ្មត់ចត់ ហើយមិនត្រូវធ្វើឲ្យមានកំហុសស្រដៀងគ្នានេះ នាពេលក្រោយ ទៀតនោះទេ ។
គេកត់សំគាល់ថា កន្លងមក ម្ចាស់គណនី Tiktok រូបនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតវៀតណាម និងខ្មែរជាច្រើននាក់ បានរិះគន់យ៉ាងចាស់ដៃ ដែលប្រមាថវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។ ក្នុងឃ្លីប លោក Hua Quoc Anh នេះបានបង្ហោះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញមនុស្សម្នាក់ស្លៀកពាក់ពណ៌ផ្កាឈូក កាន់ដំបង ដើរក្នុងបរិវេណប្រាសាទអង្គរវត្ត(កម្ពុជា) ប៉ុន្តែបានបញ្ចូលរូបភាពជាច្រើនសន្លឹក ដូចជា៖ ទង់ជាតិថៃ ព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ នៃប្រទេសថៃ និងបញ្ជូលភ្លេងថៃ រួមនឹងពាក្យថា <សួស្តីប្រទេសថៃ> ដាក់ក្នុងឃ្លីបខ្លីពេល០១នាទី២៥វិនាទី ផងដែរ ។
សូមរម្លឹកថា អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញលិខិតបកស្រាយថា ៖ «ក្រុមការងារអាជ្ញាធរអប្សរាបានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ។ ក្នុងករណីនេះ អាជ្ញាធរជាតិអប្សរាបានស្នើឱ្យក្រុមហ៊ុន TikTok ទប់ស្កាត់ការបង្ហោះ។ ចំពោះមុខបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានសម្តែងការសូមអភ័ទោសចំពោះការខ្វះខាត ដែលនាំឱ្យមានករណីនេះកើតឡើង» ។