ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង២៧ នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចដោយបានពោលពាក្យលាទាំងអាឡោះអាល័យទៅកាន់អ៊ំប្រុសជាទីគោរពដូច្នេះថា ៖ ៖ «ក្មួយសូមបួងសួងជូនដួងវិញ្ញាណក្ខន្ធអ៊ំប្រុស(ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន) បានទៅកាន់សុគតិភព🙏»។

គួររំលឹកផងដែរ ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ៕





