(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។


សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន ដ៏ធំក្នុងស្រុកមួយថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។

ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្តង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយមានហតុការណ៍នេះកើតឡើង និងមានការសុំសហការពីនគរបាលខេត្តកណ្តាល លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចេញពួនស្ទាក់ រហូតឃើញមុខសញ្ញាដែលភ្ជង់រថយន្តជនរងគ្រោះទី២ តែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់។ នៅពេលនេះកម្លាំងនគរបាលកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀត៕ ប្រភព៖ Fresh News



