(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមព័ត៌មានបឋម គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ ករណីរញ្ជួយដីនៅប្រទេសថៃ មានអ្នករងរបួសចំនួន៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ)។ ក្រសួងក៏មិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះ របស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ។
ក្រសួងការងារ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃគ្រោះរញ្ជួយដីនេះ ដោយសហការ ជាមួយអាជ្ញាធរថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ទីភ្នាក់ងារជ្រើសរើសឯកជន និងសហគមន៍ខ្មែរនៅប្រទេសថៃទាំងអស់ ដើម្បីត្រៀមលក្ខណៈផ្តល់ការគាំពារឱ្យបានទាន់ពេលវេលាដល់បងប្អូន ពលករខ្មែរ ក្នុងករណីរងផលប៉ះពាល់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងនិយោជក។

ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរដែលរងផលប៉ះពាល់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឬអនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីសុំជំនួយតាមរយៈទូរសព្ទលេខៈ
- លេខ+៦៦ ៩២ ៨០៥០ ៥៦១, +៦៦ ៩៤ ០៩២ ៥៩០៥, +៦៦ ៩៤ ៤១៦ ៥៥១៨
- លេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល), +៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស) និង+៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)៕

