អ្នកជំនាញស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ពិចារណា​លុបចោលបំណុល របស់គ្រួសារកងដែលទ័ពពលីជីវិត
Heang
-

លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc ​និងជាអ្នកតាមដានសង្គមសេដ្ឋកិច្ច ចង់ឱ្យគ្រឹះស្ថាន​ហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុង​ដែលគ្រួសារយុទ្ធជន​ពលីបានជំពាក់ ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី។

លោក ង៉ែត ជូ បញ្ជាក់ថា ការលុបចោលបំណុលនេះ ក៏ជាការជួយសម្រួល​ដល់ជីវភាព​ក្រុមគ្រួសារ​របស់ពួកគាត់ (ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល)។

លោក ង៉ែត ជូ យល់ឃើញថា៖ «ការលុបបំណុលនេះមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថាន​ភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹង​រងនូវ​ភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន»។

កម្ពុជា​និង​ថៃ​បាន​ឈាន​ដល់​ការ​សម្រេចបទ​ឈប់​បាញ់​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០២៥ បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​ទល់​មុខ​មួយនៅ​ប្រទេស​ម៉ាឡេស៊ី​ ក្រោម​គំនិតផ្ដួចផ្ដើម​របស់​ប្រធានាធិបតីដូណាល់ត្រាំ ហើយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ កិច្ច​ប្រជុំនោះឈាន​ដល់​មាន​បទ​ឈប់​បាញ់បន្ទាន់​មួយ​នៅ​ម៉ោង​១២​យប់​ថ្ងៃទី​២៨​ខែ​កក្កដា រៀបចំ​កិច្ចប្រជុំក្រៅផ្លូវការ​រវាង​មេបញ្ជាការ​យោធភូមិភាគជាប់ព្រំដែន និងរៀបចំ​កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែនទូទៅ GBC នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៥ ដែល​ធ្វើ​ឡើង​នៅកម្ពុជា។

បន្ទាប់ពីឈាន​ដល់​បទ​ឈប់​បាញ់​នេះប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំង និង​តំណាងសហភាពអឺរ៉ុប​ បាន​បង្ហាញ​ការ​អបអរសាទរផងដែរ​។ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ត្រាំ បាន​លើកឡើងថា ការសម្រេច​បាន​ជោគជ័យ​នៃ​បទឈប់បាញ់​នេះបាន​សង្គ្រោះអាយុជីវិត​មនុស្សរាប់ពាន់នាក់ ហើយលោក​ក៏បាន​បញ្ជាឱ្យ​ក្រុម​ការងារពាណិជ្ជកម្ម​របស់​លោក​ធ្វើការ​ចចារ​ពាណិជ្ជកម្ម​ឡើង​វិញជាមួយ​ប្រទេស​កម្ពុជា​ និង​ថៃ​ផងដែរ។

លោក ដូណាល់ត្រាំ សរសេរថា៖ «ពេល​នេះ​ខ្ញុំ​បាន​បញ្ចប់​សង្គ្រាម​ជា​ច្រើន​ក្នុង​រយៈពេល​៦​ខែ​មក​នេះ ខ្ញុំ​មាន​មោទនភាព​ដែលក្លាយជា​ប្រធានាធិបតី​នៃ​សន្ដិភាព»៕