ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន អំពាវនាវដល់ពលរដ្ឋ អនុវត្តវិធានការបង្ការ៩ចំណុច ដើម្បីចៀសផុតពីបញ្ហាសុខភាពដែលមកពីការបរិភោគចំណីអាហារ និងស្រាមិនមានប្រភពត្រឹមត្រូវនៅក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបាន អំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។
ថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨លោ កសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា វិធានការបង្ការ៩ចំណុចនេះរួមមាន៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោបង់
៣. លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី ២ម៉ោង
៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេនិងត្រូវរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមមាន ផឹកស្អាត រស់នៅស្អាតនិងហូបស្អាតនៅឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះដើម្បីការពារសុខភាពឲ្យជៀសផុតពីការឆ្លងជំងឺផ្សេងៗដូចជាជំងឺរាករូសជាដើម៕