ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជាធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូង ដោយជាប់ពាក់ព័ន្ធយកឈ្មោះភរិយាសម្តេចក្រឡាហោមទៅគំរាមកំហែង និងបង្ខំឲ្យមេឃុំមេឃុំចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី ។
ជនសង្ស័យខាងលើ ឈ្មោះ មឿង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីរាជការម្នាក់ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៨ នៅក្នុងភោជនីយដ្ឋានតាឪ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីមានបណ្តឹងគ្រប់គ្រាន់ និងជាការឃាត់ខ្លួនតាមបទល្មើសជាកស្តែង ដែលជនសង្ស័យបានប្រព្រឹត្ត នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សំណុំរឿងនេះ ស្ថិតដៃលោក វង់ ប៊ុនវិសុទ្ធ ព្រះរាជ អាជ្ញារងអមសាលាដំបូរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ។ ពាក់ព័ន្ធការចាប់ឃាត់ខ្លួនឈ្មោះ មឿង លីដា ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនសង្ស័យជាប់បណ្តឹងគំរាមកំហែង និងបទក្លែងឯកសារសាធារណៈ ដែលដើមបណ្ដឹងមាន៤នាក់ថែមទៀត ក្រៅពីបណ្តឹងរបស់លោកមេឃុំម្នាក់ផងដែរ ។
ជនសង្ស័យទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននោះទេ ៕
ដោយ៖ ភារ៉ា