ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិក ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា លោក សម រង្ស៊ី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ខ្លួនលោក កឹម សុខាបាន ប៉ុន្តែមិនអាចចាប់សម រង្ស៊ី បានទេ។
ក្នុងជំនួបជាមួយពលរដ្ឋដែលលោកបានបង្ហាញ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក បានឲ្យដឹងទៀតថា “និយាយឲ្យចំទៅ លោក កឹម សុខាជាចំណាប់ខ្មាំងរបស់សម្តេច ហ៊ុន សែន ។ គាត់ធ្វើឲ្យយើងរួញ ព្រោះចង់ឲ្យគណបក្សសង្រ្គោះជាតិបញ្ឈប់សកម្មភាព គឺចាប់មេដឹកនាំឲ្យបាន ។ មិនដឹងជាសម្លុត និងធ្វើអ្វីខ្លះទេ ព្រោះយើងក៏អាណិតលោក កឹម សុខាដែរ ហើយយើងក៏មិនហ៊ានធ្វើអីច្រើនដែរ។ ប៉ុន្តែបងប្អូនចាប់បានតែ កឹម សុខា ប៉ុន្តែចាប់សម រង្ស៊ីអត់បានទេ។ ដូច្នេះខ្ញុំអត់ធ្វើចំណាប់ខ្មាំងហ៊ុន សែន ដាច់ខាត”។
ចំពោះពាក់ព័ន្ធទៅនឹងការប្រកាសគម្រោងកាត់ប្រព័ន្ធអនុគ្រោះ ពន្ធនៅកម្ពុជា របស់សហគមន៍អឺរ៉ុប (EU) វិញលោកថា ផលិតផលនៅស្រុកខ្មែរឧស្សាហកម្មកាត់ដេរលូតលាស់ ជាងគេ ដែលមានប្រទេស២៨ ក្នុងសហគមន៍បានលើកលែង ពន្ធនាំការនាំចូល ពីកម្ពុជាទៅអឺរ៉ុប ហើយថា បើកាត់ប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងជាមានបញ្ហាធំ លើកម្មករជាក់ជាមិនខាន។
សូមរំលឹកផងដែរថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។ គិតត្រឹមថ្ងៃដោះលែងលោក កឹម សុខា បានជាប់ពន្ធនាគារត្រពាំងផ្លុង អស់រយៈពេល១ឆ្នាំ ៦ថ្ងៃ ៕