ប្រទេសមួយទៀតហើយដែលអនុម័តវ៉ាក់សាំងកូវីដ-១៩របស់Pfizer-BioNTech ហើយគ្រោងនឹងចាក់អោយពលរដ្ឋខ្លួននៅសប្តាហ៍ក្រោយនេះ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី១០ ធ្នូនេះបានអោយដឹងថា ប្រទេសកាណាដាកាលពីថ្ងៃពុធ(ទី៩ ធ្នូ) បានអនុម័តវ៉ាក់សាំងកូវីដ-១៩របស់ខ្លួន ហើយថ្នាំបង្ការដំបូងនឹងត្រូវបញ្ជូនទៅទូទាំងប្រទេសសំរាប់ចាក់អោយពលរដ្ឋអាទិភាពនៅសប្តាហ៍ក្រោយ ខណៈពលរដ្ឋកាណាដាគ្រប់រូបអាចនិងត្រូវបានចាក់ថ្នាំបង្ការរួចរាល់នៅដើមខែកញ្ញា ឆ្នាំ២០២១។

កាណាដាគឺជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេសនិងប៉ារ៉ែន ដែលបានផ្តល់ភ្លើងខៀវដល់វ៉ាក់សាំងPfizer-BioNTech។ដោយឡែក នាយរដ្ឋមន្រ្តីកាណាដា លោកJustin Trudeau បានថ្លែងនៅក្នុងសភាថា “ វាជាថ្ងៃល្អសំរាប់ប្រជាជនកាណាដា”។លោកបន្តថា “ យើងនឹងឃើញវ៉ាក់សាំងដំបូង ៣០,០០០ដូស ត្រូវបានចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះរួមជាមួយនឹងការបន្ថែមរាប់លានដូសទៀត តែយើងចាំបាច់ត្រូវឆ្លងកាត់រដូវត្រជាក់ដ៏លំបាកមួយនេះអោយបានសិន”។

គួរបញ្ជាក់ថា ប្រទេសកាណាដាកំពុងស្ថិតក្នុងរលកទី២នៃការរាតត្បាត ហើយតំបន់មួយចំនួននៃប្រទេសនេះក៏បានកម្រិតអោយមានការរឹតត្បិតសារជាថ្មី។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងដំបូងគ្រោងនិងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ខណៈប្រជាជនកាណាដាគ្រប់រូបនឹងចាប់ផ្តើមនៅខែមេសាបន្ទាប់ពីប្រជាជនអាទិភាពត្រូវបានចាក់រួចរាល់ហើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia