(បរទេស) នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថាវ៉ាក់សាំងកូវីដ-១៩ ដែលដាក់ក្នុងទូទឹកកកជាច្រើនបានដឹកជញ្ជូនមកដល់ប្រទេសកាណាដាហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅព្រឹកថ្ងៃទី១៤ ធ្នូនេះ។
នាយករដ្ឋមន្រ្តីរូបនេះ បានបង្ហោះរូបភាពវ៉ាក់សាំងដែលត្រូវយកចេញពីយន្តហោះកាលពីថ្ងៃអាទិត្យ (១៣ធ្នូ) គឺការដឹកជញ្ជូននេះមកដល់មិនយូរប៉ុន្មាន បន្ទាប់ពីនិយតករសុខភាពប្រទេសកាណាដាបានអនុម័តវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនថ្នាំអាមេរិកPfizerនិងក្រុមហ៊ុនBioNTechរបស់អាឡឺម៉ង់កាលពីថ្ងៃពុធ។
ដោយឡែក ថ្មីៗនេះរដ្ឋាភិបាលកាណាដាបានធ្វើវិសោធនកម្មកិច្ចសន្យារបស់ខ្លួនជាមួយនិងក្រុមហ៊ុនPfizer ដើម្បីអោយខ្លួនអាចទទួលបានវ៉ាក់សាំង ២៤៩,០០ដូសក្នុងខែនេះ ដើម្បីធ្វើការចែកជូនពលរដ្ឋ។លោក Trudeau និយាយថាវាជាដំណឹងល្អ ប៉ុន្តែលោកនៅតែជំរុញឱ្យជនជាតិកាណាដាបន្តពាក់ម៉ាស់ជៀសវាងការប្រមូលផ្តុំនិងទាញយកកម្មវិធីរដ្ឋាភិបាលដែលអាចឱ្យអ្នកប្រើប្រាស់ដឹងថាតើពួកគេបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានកូវីដឬអត់។
គួរបញ្ជាក់ថា កាណាដានិងអាមេរិកជាប្រទេសលោកខាងលិចដំបូងបង្អស់បន្ទាប់ពីអង់គ្លេសដែលអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងរបស់Pfizer-BioNTech ខណៈវ៉ាក់សាំង៣ម៉ឺនដូសដំបូងនឹងត្រូវដឹកទៅកាន់ ១៤ កន្លែងនៅជុំវិញប្រទេសកាណាដា។ អ្នកដែលងាយរងគ្រោះបំផុតរួមទាំងមនុស្សចាស់ជរានៅក្នុងមណ្ឌលថែទាំរយៈពេលវែងនិងបុគ្គលិកថែទាំសុខភាព បុគ្គលិកសុខាភិលបាលនឹងក្លាយជាមនុស្សដំបូងគេដែលទទួលបានវ៉ាក់សាំង។
ឧត្តមសេនីយ៍ទោ Dany Fortin បានប្រាប់ដល់សារព័ត៌មានកាណាដាថា "ជើងហោះហើរខ្លះនឹងមកដល់នៅយប់នេះ។ ជើងហោះហើរខ្លះនឹងមកដល់នៅថ្ងៃស្អែក។ រថយន្តដឹកទំនិញខ្លះនឹងឆ្លងកាត់ព្រំដែននៅថ្ងៃស្អែកដូច្នេះវ៉ាក់សាំងបន្តបន្ទាប់នឹងមកដល់នៅថ្ងៃទី ២ ឬ ២ថ្ងៃ ខាងមុខ" ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia