លោក ដូណាល់ ត្រាំ បានប្រកាសពន្យារផែនការចាក់វ៉ាក់សាំងឱ្យមន្រ្តីសេតវិមានមុនគេវិញហើយ ដោយនិយាយថា..
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន The New York Times នៅថ្ងៃទី១៤ធ្នូនេះបានអោយដឹងថា ប្រធានាធិបតី Trump បាននិយាយនៅយប់ថ្ងៃអាទិត្យថាលោកនឹងពន្យាពេលផែនការសម្រាប់បុគ្គលិកជាន់ខ្ពស់នៃសេតវិមានដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩មុនគេវិញ ខណៈវ៉ាក់សាំងត្រូវរំពឹងថាត្រូវចាក់ជូននៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការផ្លាស់ប្តូរនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកាសែត The New York Times បានរាយការណ៍ថារដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការចែកចាយវ៉ាក់សាំងនេះយ៉ាងរហ័សដល់បុគ្គលិករបស់ខ្លួននៅពេលដែលដូសដំបូងត្រូវបានគេបម្រុងទុកសម្រាប់បុគ្គលិកថែទាំសុខាភិបាលដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។

ការចេញផ្សាយនេះបន្ទប់ពីលោក ត្រាំ បានបង្ហោះនៅក្នុងបណ្តាញសង្គមTwitterលោកថា “ មន្ត្រីជាន់ខ្ពស់និងបុគ្គលិកសេតវិមានគួរតែទទួលបានការលើកលែងពិសេសហើយទទួលបានវ៉ាក់សាំងមុនគេ”។ដោយឡែក ប៉ុន្មានម៉ោងបន្ទាប់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបានបកស្រាយថា “ ពួកយើងបានស្នើអោយមានការកែតម្រូវនេះមែន ប៉ុន្តែពួកយើងមិនមានគំរោងថាចាក់វាមុនគេឬភ្លាមៗនោះទេ គឺថាពួកយើងនិងរងចាំអោយដល់ពេលវេលាសមស្របណាមួយសិន អរគុណ”។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថ ក្នុងការប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ពេលនេះសហរដ្ឋអាមេរិកំពុងតែធ្វើការដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួនទៅទូទាំងប្រទេស ដើម្បីត្រៀមចាក់ជូនពលរដ្ឋអាមេរិកក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes