អ្វីគ្រប់យ៉ាងសុទ្ធតែមានភាពមិនទៀងទាត់ ក្នុងការកែប្រែវាសនារបស់មនុស្សម្នាក់ៗ ជាក់ស្ដែងដូចបុរសអង់គ្លេសឈ្មោះ Angelo Mastropieto អាយុ៣៨ ឆ្នាំម្នាក់ បានលាលែងពីការងាររបស់គាត់ ងាកមករកទិញរូងភ្នំ ដើម្បីធ្វើលំនៅឋានសម្រាប់បំពេញក្ដីស្រម៉ៃរបស់លោក ជាមួយគ្នានេះផងដែរក៏ត្រូវបានមនុស្សម្នាសើចចំអកចំពោះទង្វើដែលលោកកំពុងតែធ្វើផងដែរ។
ចំពោះរូងភ្នំដែលគាត់បានទិញនេះ គឺត្រូវបានគាត់រកឃើញនៅឆ្នាំ ២០០៩ ពេលគាត់ជិះកង់កម្សាន្ដជួនជាមានភ្លៀងធ្លាក់ខ្លាំងក៏ចូលជ្រកនៅក្នុងរូងភ្នំនោះ។ ពីរបីឆ្នាំបន្ទាប់ពីនោះលោក Angelo បានសំរេចចិត្តទិញរូងភ្នំនិងដីនៅជុំវិញនោះធ្វើជាកម្មសិទ្ធរបស់លោក។
នេះជាអ្វីដែលគ្រប់គ្នាមិនដែលធ្លាប់បានដឹងនិងឃើញ បុរសអង់គ្លេសម្នាក់នេះតាមពិតគាត់ជាអ្នកជំនាញឯកទេសសិលាម្នាក់ គាត់សម្រេចចិត្ដ រៀបចំរូងភ្នំដែលមានអាយកាល៧០០ឆ្នាំ ធ្វើជាផ្ទះដ៏ទំនើបប្រណិត ដែលពោរពេញទៅដោយខ្យល់អាកាសដ៏បរិសុទ្ធ ដោយចំណាយលុយ ២៣០.០០០ ដុល្លារ ព្រមទាំងថ្លៃជួលកម្មករដ៏ច្រើន សម្រាប់ផ្លាស់ប្ដូររូងភ្នំមួយនេះ។
ផ្ទះដ៏ប្រណិតនេះ មានទំហំ ៦៥ ម៉ែត្រក្រឡា (៧០០ ហ្វីតការ៉េ) លាយបញ្ចូលគ្នារវាងរចនាបថសហសម័យជាមួយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិ។ ផ្នែកខាងក្នុងរបស់វាមានលក្ខណៈពិសេសទំនើប ៗ ជាច្រើនដែលអ្នកមិននឹកស្មានដល់នៅក្នុងរូងភ្នំ។
លោក Angelo បានកែប្រែរូងភ្នំមួយនេះទៅជាកន្លែងលេងកម្សាន្ដសម្រាប់ភ្ញៀវទេសចរណ៍លេងកម្សាន្ដ ដែលចង់មករកនូវភាពស្ងប់ស្ងាត់បែបធម្មជាតិសម្រាប់ស្នាក់នៅ ដោយទទួលបាននូវការពេញនិយមជាខ្លាំងពីភ្ងៀវទេសចរណ៍ជាច្រើន។ មិនត្រឹមតែអាចសម្រាកលំហែនោះទេ ភ្ញៀវទេសចរណ៍ក៏អាចទៅលេងនៅតំបន់ដ៏ទាក់ទាញនៃ ឧទ្យាន West Midlands Safari Park ដែលមានចម្ងាយត្រឹមតែ៤០គម ភ្ញៀវក៏អាចទៅលេងនៅតាមដងទន្លេ Bewdley ដែលនៅតាមមាត់ទន្លេប្រវត្តិសាស្ត្រផងដែរ។
ចង់ដឹងថាខាងក្នុងផ្ទះមានសភាពបែបណាសូមទស្សនាទំាងអស់គ្នា៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ mymodernme