ម៉ិកស៊ិកូ៖ រណ្ដៅដីដ៏ធំមួយបានបាក់ស្រុតរាប់សិបម៉ែត្រជារៀងរាល់ថ្ងៃបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជននៅតំបន់ជនបទមួយនៅកណ្តាលប្រទេសម៉ិកស៊ិក និងកំពុងតែធ្វើការគម្រាមកំហែងក្នុងការលេបត្របាក់យកផ្ទះដែលស្ថិតនៅជាប់តំបន់បាក់ស្រុតនោះថែមទៀតផង។
ក្រុមគ្រួសាររបស់លោកសាន់ហ្សេ បានឮសំលេងលាន់យ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយដំបូងពួកគេគិតថាវាជាសម្លេងរន្ទះបាញ់។ ប៉ុន្តែមិនយូរប៉ុន្មានពួកគេបានរកឃើញថាដីនៅតំបន់នោះមានការបាក់ស្រុតគួរឲ្យភ័យខ្លាចដោយស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រពីផ្ទះរបស់ពួកគេនៅក្នុងវាលមួយស្ថិតនៅក្នុងទីក្រុងSanta Maria Zacatepec ក្នុងរដ្ឋ Puebla។
ដោយរណ្ដៅនោះពោរពេញទៅដោយទឹកដែលមានទទឹងប្រហែល ៣០ ម៉ែត្រនៅថ្ងៃអាទិត្យ អាជ្ញាធរបាននិយាយថាវាបានកើនឡើងយ៉ាងលឿនដល់រហូតដល់ទទឹង ៦០ ម៉ែត្រនៅថ្ងៃច័ន្ទ និងប្រហែល ៨០ ម៉ែត្រនៅថ្ងៃអង្គារកៀកខិតចូលទៅជិតផ្ទះរបស់គ្រួសារលោកសាន់ហ្សេ ដែលអាចឲ្យលោកនឹងត្រូវប្រឈមនិងការបាត់បង់ផ្ទះសម្បែងមួយនេះ។
បើសិនជាផ្ទះនេះត្រូវលេបត្របាក់ពិតមែន ពួកយើងពិតជាលំបាកណាស់ព្រោះយើងមិនមានអ្វីទាំងអស់ យើងមានតែដីមួយកន្លែងនេះ ម្យ៉ាងវិញទៀតពួកយើងមិនមានសាច់ញាតិនោះឡើហ នេះបើយោងតាមលោកស្រី Heriberto Sanchez មានដើមកំណើតនៅភាគអាគ្នេយ៍នៃរដ្ឋ Veracruz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
អ្នកវិទ្យាសាស្ត្រនិងអាជ្ញាធរបានពិចារណាលើសម្មតិកម្មរួមទាំងការបណ្ដាលមកពីបម្រែបម្រួលនៃភូគព្ភសាស្ត្រឬការប្រែប្រួលនៃទឹកដែលមាននៅក្រោមដីដែលជាបុព្វហេតុដែលអាចកើតមាននូវការបាក់ស្រុតដីនេះ។
អភិបាលខេត្ត Puebla លោក Miguel Barbosa បាននិយាយថា“ ការបាក់ស្រុតមួយនេះវានឹងរីកលូតលាស់រហូតដល់ទំហំជាក់លាក់ណាមួយនៅពេលដែលឈប់មានសម្ពាធទឹកពីផ្ទៃខាងក្រោមដី” ។ លោកបានមានប្រសាសន៍ថា“ អ្វីដែលសំខាន់នៅពេលនេះគឺសុវត្ថិភាពសាធារណៈ” ។ លោកបន្ថែមថាអាជ្ញាធរនឹងផ្តល់សំណងដល់អ្នកដែលរងផលប៉ះពាល់៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ news.com.au