ឥណ្ឌា៖ បុរសម្នាក់ដែលជាមេគ្រួសារនិងមានសមាជិកធំបំផុតរបស់ពិភពលោកបានស្លាប់នៅរដ្ឋមីហ្សូរ៉ាភាគឥសានប្រទេសឥណ្ឌាដោយបន្សល់ទុកយ៉ាងហោចណាស់មេម៉ាយ ៣៩ នាក់និងកូន ៨៩ នាក់។លោក Ziona Chana អាយុ ៧៦ ឆ្នាំជាប្រធាននិកាយសាសនាដែលអនុវត្តពហុពន្ធភាព។ ដំណឹងមរណភាពរបស់លោក Ziona ត្រូវបានបញ្ជាក់ដោយលោកZoramthanga ដែលជានាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋ Mizoram ដែលបានផ្តល់ការចូលរួមរំលែកទុក្ខនៅលើ Twitter របស់គាត់។
លោកZoramthanga បាននិយាយថា លោក Ziona ដែលមានគ្រួសារធំជាងគេនៅលើពិភពលោកដែលស្ថិតនៅក្នុងភូមិ Baktawng Tlangnuam បានកែប្រែតំបន់នោះទៅជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាព នៅក្នុងរដ្ឋ Mizora ដោយភ្ជាប់ពាក្យមួយឃ្លាថា”សូមឲ្យលោកធ្វើដំណើរទៅកាន់សុគតិភព”។
លោក Ziona បានរៀបការជាមួយប្រពន្ធដំបូងរបស់គាត់នៅអាយុ ១៧ ឆ្នាំហើយបន្ទាប់មកគាត់បានរៀបការម្តងហើយម្តងទៀតដោយក្នុងមួយឆ្នាំគាត់រៀបការជាមួយប្រពន្ធរហូតដល់ទៅ ១០នាក់ ដោយលោកបន្ដយកប្រពន្ធបន្ថែមទៀតរហូតដល់លោកអាយុ៦០ឆ្នាំ ទើបគាត់ឈប់យក។ ដោយសមាជិកគ្រួសាររបស់គាត់មានសមាជិករហូតដល់ ១៨១ នាក់រស់នៅក្នុងវិមាន ៤ ជាន់ ដែលកន្លែងដែលលោករស់នៅនោះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។
ទីភ្នាក់ងារសារព័ត៌មានឥណ្ឌាបានរាយការណ៍ថាលោក Ziona ត្រូវបានគេរាយការណ៍ថាមានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម។
យោងទៅតាមវេជ្ជបណ្ឌិតស្ថានភាពរបស់លោក Ziona កាន់តែយ៉ាប់យ៉ឺនកំលុងពេលដែលលោកនៅផ្ទះក្នុងភូមិ Baktawng Tlangnuam មកម្ល៉េះ ដោយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅល្ងាចថ្ងៃអាទិត្យ នឹងត្រូវបានគេប្រកាសថាលោកស្លាប់នៅពេលមកដល់មន្ទីរពេទ្យ៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ gulf-insider