កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ចូលរួមពិធីគោរពវិញ្ណាណក្ខន្ធ វីរយុទ្ធជន អនុសេនីយ៍ត្រី រិន វាសនា ដែលបានទទួលពលីកម្មក្នុងបុព្វហេតុការពារបូរណភាពទឹកដី
Heang
-

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សួន សុីថា មេបញ្ជាការរងកងពល តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩០ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានរបស់កងពលទៅចូលរួមគោរពវិញ្ញាណក្ខន្ធ វរយុទ្ធជនស្នេហាជាតិ អនុសេនីយ៍ត្រី រិន វាសនា ដែលបានពលីកម្មក្នុងបុព្វហេតុការពារទឹកដីនៅសមរភូមិទិសមុំបីដោយសត្រូវសៀមឈ្លានពាន។ សពរបស់លោកអនុសេនីយ៍ត្រី រិន វាសនា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នៅក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនោះ លោកវរសេនីយ៍ឯក មេបញ្ជាការរងកងពល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមមេបញ្ជាការកងពល សាកសួរសុខទុក្ខនិងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់បុត្រដល់ឆ្នើម និងជាកងយោធពលខេមរភូមិន្ទមួយរូបដ៏អង់អាចក្លាហានផងដែរ។

គ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងរបស់កងពលនិងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេសឯកឧត្តម មេបញ្ជាការកងពលសូមជួបតែសេចក្ដីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។