ធ្លាប់ពងបែកមាត់ដែរ ឬទេ? ប្រើវិធីសាមញ្ញតែទទួលបានប្រសិទ្ធខ្ពស់ ពេលប្រើហើយអ្នកប្រាកដជាពេញចិត្តជាក់ជាពុំខាន។ ខាងក្រោមនេះជាវិធីងាយៗសម្រាប់អ្នករាល់គ្នាដែលកើតពងបែកមាត់ សូមអានតាមលំនាំខាងក្រោមនេះ ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំ អាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងជួយការពារមេរោគ ឲ្យឆាប់ជាសះស្បើយបាន។ អ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត ១ ភាគ ៤ ស្លាបព្រាកាហ្វេ រួចយកវាទៅបិទលើកន្លែង ដែលមានពងបែក។ បន្ទាប់មកទុកចោលប្រមាណជា ១៥ ទៅ ២០ នាទី សឹមខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។ អ្នកអាចអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។ បើមិនដូច្នោះទេ អ្នកគ្រាន់តែលាបទឹកឃ្មុំ តែមួយមុខក៏បាន ដើម្បីកាន់តែមានភាពងាយស្រួល។
២. អំបិល
អំបិល គឺជាឱសថព្យាបាលពងបែកមាត់ ដ៏មានប្រសិទ្ធភាព និងរហ័សជាងគេបំផុត ដោយអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ រួចយកមកខ្ពុរមាត់ មួយថ្ងៃ ៣ ទៅ ៤ ដង នោះអ្នកនឹងសង្កេតឃើញពី ប្រសិទ្ធភាពដ៏អស្ចារ្យ របស់វាជាក់ជាមិនខាន។
៣. ទឹកកក
ទឹកកក មានប្រសិទ្ធភាព អាចជួយឲ្យសាច់ស្ពឹក និងបន្ធូរបន្ថយការឈឺចាប់ របស់ពងបែកមាត់បាន។ ងាយៗ ដោយអ្នកគ្រាន់តែយកក្រណាត់ស្អាតណាមួយ មករុំដុំទឹកកក ២ ទៅ ៣ ដុំ រួចយកមកស្អំលើបរិវេណ ដែលមានពងបែកប្រមាណជា ១ នាទី និងត្រូវអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៅទៀត អ្នកអាចឧស្សហ៍ទទួលទានទឹកត្រជាក់ៗបន្ថែម ដើម្បីកាន់តែឆាប់ជាសះស្បើយផងដែរ។
៤. កញ្ចប់តែ
កញ្ចប់តែ ដែលប្រើរួចភាគច្រើន សុទ្ធតែមានប្រយោជន៍ ដូចជាយកមកព្យាបាលពងបែកមាត់ជាដើម។ វាមានជាតិអាស៊ីត Tannic ដែលអាចបន្ថយការឈឺចាប់ និងធ្វើឲ្យអ្នកឆាប់ជាសះស្បើយ។ អ្នកគ្រាន់តែយកកញ្ចប់តែដែលទើបតែប្រើរួច ទៅដាក់ក្លាសេក្នុងទូទឹកកក ៣០ នាទី បន្ទាប់មកយកវាមកស្អំ និងសង្កត់លើពងបែកក្នុងមាត់ ឲ្យបាន ១០ ទៅ ១៥ នាទី។ មួយថ្ងៃអ្នកអាចអនុវត្ត ២ ទៅ ៣ ដង រហូតទាល់តែបាត់ពងបែក ពីមាត់អស់។
៥. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងភាពរលាក ជួយបំបាត់ការឈឺចាប់ និងជួយឲ្យឆាប់ជាសះស្បើយ ជាពិសេស វាអាចការពារមិនឲ្យអ្នកកើតពងបែកញឹកញាប់បាន សឹងតែមិនគួរឲ្យជឿ។ អ្នកគ្រាន់តែ សកសំបកចេញ រួចយកជែលរបស់វា មកបិទពីលើកន្លែងមានពងបែក និងទុកចោលប្រមាណជា ២០ នាទី រួចលាងសម្អាតមាត់ចេញ ដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ ត្រឹមតែ ២ ឬ ៣ ថ្ងៃធានាថានឹងជាសះស្បើយ។
៦. រមៀត
រមៀត មានលក្ខណៈសម្បត្តិពិសេស អាចការពារបាក់តេរី ក៏ដូចជាប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែយកម្សៅរមៀត មកលាយជាមួយទឹកដោះគោ រួចយកសំឡីមកជ្រលក់ និងផ្តិតនៅត្រង់បរិវេណពងបែក និងទុកវាចោល ៣០ នាទី សឹមយកទឹកក្តៅឧណ្ណៗមកលាងសម្អាតជាការស្រេច។ វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិត បិទផ្ទាល់លើកន្លែងពងបែកក៏បាន។ វិធីទាំងពីរនេះ គួរអនុវត្តមួយថ្ងៃឲ្យបាន ២ ទៅ ៣ ដង ទើបជាការប្រសើរ។