មើលតែសំបកកំប៉ុងដឹងហើយ! ឯកឧត្តម គួច ចំរើន អរគុណដល់អ្នកមីងម្នាក់ ដែលបានជួយកាត់បន្ថយសម្រាម មួយអំរែកធំ ក្រោយថ្ងៃឆ្លងបានបញ្ចប់
-

នាឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅលើកំសាន្ត ដែលយើងសង្កេតមើលទៅ ភាគច្រើន គឺជាភ្ញៀវទេសចរក្នុងស្រុក។ គ្រប់ទីកន្លែងមើលទៅគឺពោលពេញទៅដោយភាពសប្បាយក្អាកក្អាយ ពិសេសនៅតាមបណ្តាឆ្នេរសមុទ្រ ជាច្រើនបានចុះលេងកំសាន្តអារម្មណ៍ ។

ជាមួយនឹងការមកដល់ភ្ញៀវទេសចរយ៉ាងច្រើនកុះករបែបនេះ គេសង្កេតឃើញថា ម្នាក់ៗពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង អមនឹងការហូបចុកយ៉ាងច្រើនហូរហា ផឹកស៊ី សើចសប្បាយក្អាកក្អាយ រួចហើយ បានបន្សល់ទុកនូវសំរាមជាច្រើន មានសំបកកំប៉ុង សំបកដប ប្រអប់បាយ ពេញឆ្នេរសមុទ្រ។ 

ជាក់ស្តែងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អមជាមួយនឹងអ្នកមីងម្នាក់ កំពុងរែកសំបកកំប៉ុង មួយអំរែកធំ ផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តម គួច ចំរើន បានបង្ហោះសារនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះថា "កំប៉ុង​ មួយអំរែកនេះ​ មីង​ អាចលក់បាន​ ប្រហែល​ ៤០​ ០០០៛​ អរគុណមីង​ ព្រោះបាន​ កាត់បន្ថយ​ សម្រាម​ បានមួយអំរែកដែរ​ ។ ជូនពរមីង​ បានជោគជ័យថែមទៀត​" ៕