តារាចម្រៀង និងសម្ដែង ម៉ៅ ស៊ីណាត ឲ្យដឹងថា បើតាមគ្រូទាយមិនអនុញ្ញាតឲ្យនាង ទៅចូលរួមពិធីបុណ្យសពនោះទេក្នុងឆ្នាំនេះ ព្រោះជាឆ្នាំដែលឆុង។ ទោះបីដឹងថាឆ្នាំខ្លួនឆុងឆ្នាំក្ដីតែ ម៉ៅ ស៊ីណាត នៅតែជម្នះមកបុណ្យសព ឌីជី អាលីយ៉ា ដោយគ្មានភ័យខ្លាចអ្វីទាំងអស់ ព្រោះនឹកស្រណោះសម្ដីមិត្តភ័ក្ដិមុនពេលបិទភ្នែកលាលោកនេះទៅ បានផ្ដាំផ្ញើពាក្យសម្ដីមួយចំនួនទៅតាមអ្នកសារព័ត៌មាន និងសិល្បករឲ្យជួយមើលថែនាង(ម៉ៅ ស៊ីណាត) ។ ក្នុងអារម្មណ៍ក្ដុកក្ដួលអួលដើមក ម៉ៅ ស៊ីណាត រៀបរាប់ថា៖“សម្រាប់ខ្ញុំ គិតថាអ្នកដែលស្លាប់ មិនមែនស្លាប់២ទៅ៣ដងទេ ស្លាប់តែម្ដងក្នុងមួយជីវិតអ៊ីចឹងអារឿងឆុងឆ្នាំអីហ្នឹងយើងអាចធ្វើអីផ្សេងទៀតបាន ដូចជាស្រោចទឹករំដោះគ្រោះលើករាសី ក្រោយពេលបុណ្យសព អាលីយ៉ា ហើយ"។ ចាប់តាំងពីចូលប្រឡូកសិល្បៈមកដល់ឆ្នាំ ២០១៨នេះ ម៉ៅ ស៊ីណាត និង ឌីជេ អាលីយ៉ា បានស្រឡាញ់រាប់អានគ្នា ១៥ឆ្នាំហើយ។ អាលីយ៉ា បានផុតដង្ហើមនៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ២៨ មិថុនានេះ។សពរបស់សិល្បការិនីកម្សត់រូបនេះ តម្កល់នៅវត្តទួលសន្តិវ័ន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
មានវីដេអូ៖ ប្រភព៖ news.sabay